គ្រូបង្គោលមន្ទីរពេទ្យជាតិទាំង៥ មន្ទីរពេទ្យកាល់ម៉ែត មជ្ឈមមណ្ឌលជាតិគាំពារមាតាទារក ព្រះអង្គឌួង មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់រាជធានី-ខេត្ត

លោកជំទាវ សាស្ត្រាចារ្យ  អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពីធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា÷ វគ្គបណ្តុះបណ្តាលលើកទី៤នាថ្ងៃនេះ ក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពរបស់គណៈកម្មការ MPDSR ថ្នាក់រាជធានី-ខេត្តទាំង៥ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដើម្បីពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតានិងទារក និងលើក កម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យសម្រេចនូវគោលដៅក្នុងការអនុវត្តប្រព័ន្ធMPDSRថ្មីនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ នេះតទៅ។

យើងធ្វើឲ្យមានវឌ្ឍនភាពក្នុងការពង្រឹងប្រព័ន្ធMPDSR ចាប់តាំងពីការបណ្តុះបណ្តាលក្នុងខែមីនា ឆ្នាំនេះរហូតមកដល់បច្ចុប្បន្ន។ ជាសក្ខីភាពយើងបានសម្រេច សមិទ្ធិផលជាច្រើនរួមមាន៖
១) រាល់ករណីមរណភាពមាតានិងទារក ក្នុងឆ្នាំ២០២៥ ត្រូវបានកំណត់អត្តសញ្ញាណ ប្រមូល ព័ត៌មាន ពិនិត្យរួមគ្នា ធ្វើផែនការឆ្លើយតប តាមដាន និងរាយការណ៍មកថ្នាក់ជាតិ និងក្រសួងសុខាភិបាលដោយម៉ត់ចត់ ដែលមានការចូលរួមពីផ្នែកពាក់ព័ន្ធទាំងអស់។

២) គិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៤១ត្រូវបានរាយការណ៍ ដែលមាន ការថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ចំនួន៧៩ករណី និង មរណភាពទារកជុំវិញកំណើតចំនួន១១៥ ។លទ្ធផលនេះឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់អស់លោក-លោកស្រី។
៣) កត្តា៣យ៉ាងដែលធ្វើឱ្យប្រព័ន្ធMPDSRជោគជ័យ គឺ៖គណនេយ្យភាព  ការទុកចិត្តឬការមិនស្តីបន្ទោសគ្នា  និងកិច្ច
សហការណ៍ រវាងបុគ្គលិកសុខាភិបាល ទាំងអស់រួមមានផ្នែកសម្ភព ផ្នែកពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកថ្នាំសណ្តំ ផ្នែកកែលម្អរគុណ ភាពរបស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតាទារករបស់មន្ទីរសុខាភិបាល ដើម្បីកំណត់ឬសគល់នៃបញ្ហា និងធ្វើផែនការកែលម្អរ ដើម្បីទប់ស្កាត់ករណីមរណភាពដែលអាចជៀសវាងបាននាពេលខាងមុខ។
លោកជំទាវ សាស្តាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ទោះបីជាមានវឌ្ឍនភាពទាំងនេះក៏ដោយ យើងក៏នៅតែជួបប្រទះផងដែរនូវបញ្ហាប្រឈមមួយ ចំនួនដូចជា៖
ទី១៖ ការប្រើប្រាស់ទម្រង់ក្នុងការពិនិត្យ និងការធ្វើរបាយការណ៍មរណភាពមាតានិងទារកក្នុងឆ្នាំ២០២៥ នៅមិនស្របគ្នា និងមានកម្រិត ទម្រង់ពិនិត្យករណីមរណភាពមាតានិងទារកវែង និងស្មុគស្មាញក្នុងការ បំពេញ ដែលខេត្តខ្លះនៅបន្តប្រើប្រាស់ទម្រង់ចាស់ ដែលវាអាចជះឥទ្ធិពលដល់គុណភាពនៃការប្រមូល និងការវិភាគព័ត៌មាន។ ការងារនេះទាមទារឲ្យយើងត្រូវធ្វើការកែសម្រួលទម្រង់របាយការណ៍ជាបន្ទាន់ និងដាក់ឲ្យប្រើប្រាស់ ដើម្បីជៀសវាការភាន់ច្រឡំ។
ទី២៖ ការរាយការណ៏នូវរបាយការណ៍វេជ្ជសាស្ត្របឋមនៅមានភាពយឺយយ៉ាវ។
ទី៣៖ របាយការណ៍ ៧២ម៉ោងដែលផ្ញើមកគណ:កម្មការថ្នាក់ជាតិនៅមិនទាន់គ្រប់ជ្រុងជ្រោយ (ខ្វះការ វិភាគមូលហេតុ ស្វែងរកបញ្ហា និង ធ្វើផែនការឆ្លើយតប)។
ទី៤៖ ទារកស្លាប់កើតនៅតែជាបញ្ហាចំបង តាមលទ្ធផលនៃការពិនិត្យក្នុងឆ្នាំ២០២៥ ក្នុងចំណោមករណី ស្លាប់ ១១៥ បង្ហាញថាវាទាក់ទងយ៉ាងជិតស្និតនឹងគុណភាពនៃការពិនិត្យផ្ទៃពោះ និងការយឺតយ៉ាវក្នុង ស្វែងរកសេវាថែទាំ។ ដូច្នេះយើងត្រូវពង្រឹងឡើងវិញនូវគុណភាពនៃការផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃ ពោះដោយធ្វើយ៉ាងណាត្រូវចំណាយពេលវេលាឱ្យបានសមស្របជាមួយស្ត្រី និងផ្តល់សារអប់រំឱ្យបាន ត្រឹមត្រូវនិងច្បាស់លាស់ដល់ស្ត្រីនិងក្រុមគ្រួសារមុនពេលចាកចេញពីមូលដ្ឋានសុខាភិបាល។

ក្នុងឱកាសនេះ លោកជំទាវ សូមអំពាវនាវដល់លោក លោកស្រីទាំងអស់ដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរពេទ្យ រាជធានី-ខេត្តទាំង៥ មេត្តាចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដើម្បីប្រើប្រាស់បទ ពិសោធន៍ទាំងក្នុងការពិនិត្យនិងធ្វើផែនការឆ្លើយតបឲ្យបានទូលំទូលាយ និងបន្តបណ្តុះបណ្តាលដល់ បុគ្គលិកមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ត-ស្រុកដែលពាក់ព័ន្ធទាំងអស់នៅក្នុងដែនសមត្តភាពរបស់ ខ្លួន។
លោកជំទាវសាស្ត្រាចារ្យបន្ថែមថា ក្រសួងសុខាភិបាលបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីៗពីប្រព័ន្ធពិនិត្យមរណភាពមាតា-ទារក និងការឆ្លើយតប និងពង្រីក ប្រសិទ្ធភាពនៃប្រព័ន្ធនេះ ទៅគ្រប់មូលដ្ឋានសុខាភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីចូលរួមសម្រេច ឱ្យបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្ធិអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និង គោលដៅគ្របដណ្តប់សុខភាពជាសកល (UHC) ត្រឹមឆ្នាំ២០៣០