លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌឫស្សីកែវបានរំលឹកពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការបង្ការគ្រោះអគ្គិភ័យតាមដែលអាចបង្ការបាន ព្រោះគ្រោះអគ្គិភ័យដែលកើតមានម្តងៗវាតែងតែបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយជាពិសេសនៅពេលខ្លះក៏បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងគួរឱ្យសោកស្តាយផងដែរ។ ការរំលឹករបស់លោកអភិបាលរងខណ្ឌឫស្សីកែវចំពោះពលរដ្ឋក្នុងមូលដ្ឋានយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីប្រគល់អំណោយរបស់សាលាអនុគណខណ្ឌឫស្សីកែវជូនដល់ជនរងគ្រោះដោយអគ្គិភ័យចំនួន១៨គ្រួសារ នៅភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកអភិបាលរងខណ្ឌបានថ្លែងថា តួយ៉ាងគ្រោះអគ្គិភ័យដែលបង្កឡើងពីការឆ្លងចរន្តអគ្គិសនីកាលពីវេលាម៉ោង ៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដែលបានបណ្តាលឱ្យផ្ទះចំនួន៤ខ្នងត្រូវរងការខូចខាតជាមួយនឹងទ្រព្យសម្បត្តិជាច្រើន ទៀត ក៏ដូចជាបានបង្កឱ្យមានអ្នករងរបួសចំនួន២នាក់ផងនោះ គ្រោះអគ្គិភ័យនេះក៏បានបន្សល់ទុកនូវ ពលរដ្ឋចំនួន ១៨គ្រួសារបាត់បង់ទីជម្រកផងដែរ។ លោកបានបន្តថា គ្រោះអគ្គិភ័យគឺជាគ្រោះថ្នាក់មួយ ដែលមានការបំផ្លិចបំផ្លាញខ្ពស់ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការវាកុំឱ្យកើត មានតាមដែលអាចធ្វើទៅបាន។
ក្នុងនាមអាជ្ញាធរខណ្ឌឫស្សី លោក ប៊ុត បូវណ្ណារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាវត្តទាំងឡាយក្នុងខណ្ឌឫស្សីកែវ ក្រោមការដឹកនាំរបស់ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ និងជាព្រះចៅអធិការវត្ត ដែលបានរួមគ្នាក្នុងការផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនដល់ពលរដ្ឋរងគ្រោះទាំង១៨គ្រួសារនាពេលនេះ។
ក្នុងឱកាសនេះ ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ បានសម្តែងនូវក្តីអាណិតអាសូរជាពន់ពេកចំពោះពលរដ្ឋរងគ្រោះនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានបណ្តាលផ្ទះចំនួន៤ខ្នងរងការខូចខាត និងមានពលរដ្ឋចំនួន១៨គ្រួសារទទួលរងផលប៉ះពាល់។ ព្រះគ្រូបានបន្តថា ដើម្បីចូលរួមរំលែកនូវទុក្ខលំបាករបស់ញាតិញោម នាពេលនេះវត្តទាំង៤ក្នុងខណ្ឌឫស្សីកែវបានរួមគ្នាបរិច្ចាគអំណោយជូនជនរងគ្រោះទាំង១៨គ្រួសារ ដោយក្នុង១
គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន២០ម៉ឺនរៀល៕



