ខេត្តព្រះសីហនុ ត្រៀមខ្លួនទទួលស្វាគមន៍ ៣៧ ប្រទេស សម្រាប់ព្រឹត្តិការណ៍គុនខ្មែរពិភពលោកលើកទី៦ ឆ្នាំ២០២៥

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុបានប្រកាសជាផ្លូវការនូវការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «ព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកគុនខ្មែរពិភពលោកលើកទី៦ ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅឯទីលានតេជោ ក្នុងក្រុងព្រះសីហនុ។

ព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីប្រតិភូនិងអត្តពលិកមកពីសមាជិកសហព័ន្ធគុនខ្មែរអន្តរជាតិ (IKKF) ៣៧ប្រទេសបានចុះឈ្មោះហើយ ក្នុងនោះ ២៨ ប្រទេសបានបញ្ជាក់ពីកាដាក់កីឡាករចូលប្រកួត។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងមានការចូលរួមពី ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការស្ដីទី IKKF និង លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ។

ថ្លែងក្នុងនាមជាម្ចាស់ផ្ទះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើសខេត្តរបស់លោកជាទីតាំងរៀបចំព្រឹត្តិការណ៍ពិភពលោកមួយនេះ។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ពិតជាបានបង្ហាញពីភាពប្រទាក់ក្រឡានៃការរៀបចំសកម្មភាពទេសចរណ៍ ដែលនឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកសម្រាក និងលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យកាន់តែច្រើន។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា គុនខ្មែរគឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃដែលយុវជនគ្រប់រូបត្រូវតែបន្តវេនថែរក្សា និងពង្រីកវិស័យនេះឱ្យរីកចម្រើន។ ឯកឧត្តមបានបន្ថែមថា ការចូលរួមយ៉ាងផុសផុលនេះគឺជាសញ្ញាណដ៏សំខាន់មួយ ដែលបង្ហាញយ៉ាងច្បាស់អំពីជំនឿទុកចិត្តរបស់អន្តរជាតិទៅលើសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងស្មារតីមោះមុតក្នុងការផ្សព្វផ្សាយនូវតម្លៃដ៏ខ្ពង់ខ្ពស់នៃសិល្បៈគុនខ្មែរទៅកាន់ពិភពលោក៕