អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញទទួលស្វាគមន៍ ក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង មកកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ ទៅកាន់ពិភពលោក

មណ្ឌលគិរី ៖ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ ប៉ែកឦសាន ទៅកាន់ពិភពលោក។ ក្នុងព្រឹត្តិការណ៍ដំណើរកម្សាន្ត ឦសាន្ត OVERLAND លើកទី២ នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក៏មានការរៀបចំសម្តែងរបាំរបស់បងប្អូនជនជាតិដើមភាគតិចព្នង មានការបាញ់កាំជ្រួច និងរាំលេងកម្សាន្តសប្បាយផងដែរ។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានស្វាគមន៍ចំពោះក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញនូវការអភិវឌ្ឍរីកចម្រើន នៅទិសឦសាន។ លោក បញ្ជាក់ថា ខេត្តមណ្ឌលគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ មានវាលស្មៅដ៏ស្រស់ស្អាត និងមានតំបន់ទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទស្សនាកម្សាន្តសប្បាយ។ លោក បន្ថែមថា ក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។

លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានឲ្យដឹងថា ព្រឹត្តិការណ៍ដំណើរកម្សាន្ត ឦសាន្ត OVERLAND លើកទី២ នៅខេត្តមណ្ឌលគិរីនេះ មានក្រុមរថយន្ត CPG-Overland និងក្រុមរថយន្តចំនួន១០គ្រឿងទៀត ដូចជា TAC មហាគ្រួសាររថយន្ត OFFROAD កម្ពុជា XROAD គោព្រៃមណ្ឌលគិរី OFFROAD4X4 រតនគិរី គោព្រៃ 4WD បាឡែនកម្ពុជា LCG TRT ក្រុមបោះតង់ CAT បានចេញដំណើរកម្សាន្តជាក្បួនរថយន្ត (CARAVAN OVERLAND) ដែលមានការចូលរួមពីសមាជិកក្រុមអ្នកបង្កើតមាតិកា តាមបណ្តាញសង្គមល្បីៗ និងប្រជាពលរដ្ឋ ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយរថយន្តចូលរួមចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង។ លោក បន្ថែមថា ក្នុងព្រឹត្តិការណ៍ដំណើរកម្សាន្ត ឦសាន្ត OVERLAND លើកទី២នេះ ដើម្បីជំរុញកំណើនភ្ញៀវជាតិ ផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ និងសក្តានុពល ទេសចរណ៍ធនធានធម្មជាតិដ៏សម្បូរបែប ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ វប្បធម៌បងប្អូនជនជាតិដើមភាគតិច នៅភូមិភាគឦសាន្ត៕ ស៉ីផុន ហ៊ុងគ្រី