មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល÷ បើកសន្និបាតលើកទី២៤«រួមគ្នាសង្រ្គោះជីវិតមាតា និងទារក» សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា

លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទិ្ធការ្យ   រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធីបើកសន្និបាតលើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ«រួមគ្នាសង្រ្គោះជីវិតមាត និងទារក» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា មុននេះថា÷  ប្រធានបទសន្និបាតនាពេលនេះ  រួមគ្នាសង្គ្រោះជីវិតមាតានិងទារក យើងត្រូវតែបន្តធ្វើឲ្យបានខ្លាំងក្លាបន្ថែមទៀត ព្រោះអត្រាមរណៈភាពមាតានៅកម្ពុជានៅតែខ្ពស់នៅឡើយ ធៀបនឹងប្រទេសជិតខាង។ ដើម្បីកាត់បន្ថយអត្រាមរណៈភាព មាតាបន្ថែមទៀត កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យ ផ្នែកសម្ភព និងរោគស្ត្រីវិទ្យាទាំងអស់គ្នានេះហើយ ពីព្រោះ ករណីផ្ទៃពោះ ឬសម្រាលកូនធម្មតា មិនមែនជាឧបសគ្គទៀតទេ តែការដោះស្រាយករណី សម្រាលកូនលំបាក មានឧបសគ្គ នៅតែជាបញ្ហានៅឡើយ។ ការខិតខំប្រមូលសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជាឲ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង ឲ្យគ្នាទៅវិញទៅមកបានទៀងទាត់ និងទាន់ពេលវេលា ជាកត្តាសំខាន់ និងជួយចូលរួម ដោះស្រាយបញ្ហានាពេលអនាគត។

លោកជំទាវ បន្តថា   ការពិតណាស់យើងបានលឺ ឃើញនូវវឌ្ឍនៈភាពដែលបានលើកឡើងក្នុងរបាយការណ៍ ការចាប់អារម្មណ៍ ក៏ដូចជានៅក្នុង អត្ថបទផ្សេងៗ នៅរបាយការណ៍ដែលដាក់ជូនខ្ញុំនៅទីនេះ គឺថាយើងមាន វឌ្ឍនៈភាពច្រើនដើម្បីការកាត់បន្ថយអត្រាមរណៈភាពមាតានិងទារកបើធៀបនឹងប្រទេស ជិតខាងយើងនឹងប្រទេសជឿនលឿននៅមានកំរិតដែលត្រូវខិតខំបន្តទៀត ចន្លោះដែលយើង នៅខ្វះនេះ ហើយដែលស្តែងចេញជារូបភាពមួយចំនួនដែលសង្គមយើង ចង់ឃើញឲ្យមានការ កែលំអ និងភាពប្រសើរឡើង។

លោកជំទាវ  សំណូមពរសមាគមពិភាក្សាឲ្យបានដិតបន្ថែមទៀតទៅលើកិច្ចការដែល យើងទាំងអស់គ្នាតាមរយៈសមាគម សម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជារបស់យើងនេះ។លោកជំទាវ សូមកោតសរសើរលើការពិនិត្យផ្ទៃពោះលើស ពី៩៥% ជំងឺអេដស៍ ជំងឺស្វាយ ការឆ្លងអេដស៍ពីម្តាយទៅកូន ការចាក់ថ្នាំបង្ការ ការព្យាបាល មាត់ស្បូន-ល- ឃើញថាយើងធ្វើកិច្ចការនេះបានល្អហើយ យើងត្រូវខិតខំទៀត ប៉ុន្តែ ខ្ញុំលើករឿងសំខាន់ គឺធ្វើយ៉ាងណាឲ្យការវះកាត់យកកូនត្រូវធ្វើតាមលក្ខខណ្ឌសមស្របព្រោះ គ្រោះថ្នាក់ និងអាចមាននៅកាលអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវសាស្តាចារ្យ ផ្តល់ជាអនុសាសន៍ មួយចំនួន ដល់សមាគមសម្ភព និង រោគស្ត្រីវិទ្យាកម្ពុជា ដូចខាងក្រោម៖

១) ត្រូវរៀបចំបង្កើនការបំប៉នសមត្ថភាពជំនាញ ដល់សមាជិកឲ្យកាន់តែប្រសើរ ដោយផ្អែកលើបទពិសោធន៏បច្ចេកទេសថ្មីៗ លើសកលលោក រួមជាមួយនឹងការបង្ហាញការ អនុវត្តជំនាញផង។
២) ត្រូវជួយរំលឹកដល់សមាជិក បង្កើតស្មារតី អនុវត្តការងារប្រកបដោយគុណភាព គុណធម៌ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣) ត្រូវជួយពង្រឹងភាពម្ចាស់ការ ធ្វើយ៉ាងណាបង្កើនទំនុកចិត្តប្រជាជនឲ្យទទួលសេវា នៅកម្ពុជា បន្ថយការទៅព្យាបាលនៅបរទេស។ ជាការបង្កើនការជឿងជាក់ការបម្រើសេវា។
៤) ត្រូវរួមគ្នាទទួលខុសត្រូវចំពោះអត្ថប្រយោជន៍វិជ្ជាជីវៈ ឧត្តមប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជា។
បន្ថែមពីនេះ កត្តាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុកដាក់គឺស្គាល់ពីបញ្ហា មូលហេតុនៃបញ្ហា និងស្វែងរកដំណោះស្រាយ ដោយត្រូវយកមកពិភាក្សាគ្នា កុំឲ្យមានការ យឺតយ៉ាវ ក្នុងការរកឃើញនូវបញ្ហា ដូចជា ការពិនិត្យផ្ទៃពោះមុនពេលកើត ការយកចិត្ត ទុកដាក់នៅពេលកំពុងសម្រាលមានស្ថានភាពមិនល្អ និងយកចិត្តទុកដាក់ក្រោយសម្រាលទាំងម្តាយ និងទារក។ ទន្ទឹមនឹងនេះដែរ សមាជិកសមាគម និងមន្ត្រីសុខាភិបាល
១) ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានផ្ទៃពោះរបស់ស្ត្រីជាម្តាយ យ៉ាងតិច ៤ដង
២) ត្រូវពិនិត្យ និងតាមដានសុខភាពស្ត្រីមានផ្ទៃពោះ ពីជំងឺផ្សេងៗ  ៣) ស្នើឲ្យប្រធានមណ្ឌលសុខភាព និងប្រធានមន្ទីរពេទ្យ ចុះទៅពិនិត្យកន្លែងសម្រាលឲ្យ បានញឹកញាប់ និងរាយការណ៍រាល់ថ្ងៃអំពីការសម្រាល  ៤) ការពង្រឹងសម្ថតភាព បច្ចេកទេសឲ្យកាន់តែប្រសើរ  ៥) ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការជួយសង្គ្រោះជីវិតទារកដែលទើបនឹងកើត
៦) ថ្នាក់ដឹកនាំគ្រប់អង្គភាពសាធារណៈ និងឯកជន ត្រូវយកចិត្តទុកដាក់ និងមានការទទួល ខុសត្រូវឲ្យបានខ្ពស់ ក្នុងការដឹកនាំដោះស្រាយបញ្ហា    ៧) ត្រូវយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាព ម្តាយ និងទារក ក្រោយពេលសម្រាល ដែលជាការចាំបាច់    ៨) ធ្វើការណែនាំស្ត្រីមានផ្ទៃពោះ កុំឲ្យប្រើប្រាស់ស្រាថ្នាំបុរាណ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ សុខភាព ទាំងម្តាយ និងទារក   ៩) ណែនាំស្ត្រីមានផ្ទៃពោះ កុំឲ្យប្រើប្រាស់ឱសថដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យ ជំនាញ។

ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានមានប្រសាសន៍ថា  ជារៀងរាល់ឆ្នាំសមាគមបានរៀបចំសន្និបាតនេះ ក្នុងវត្ថុបំណងផ្លាស់ប្តូរយោបល់ ចំណេះដឹង និងរៀនសូត្រពីគ្នាទៅគ្នា ក្នុងជំនាញសម្ភព និងរោគស្ត្រី និងបង្កើនចំណេះដឹងរបស់សមាជិក សមាជិកា ក៏ដូចជាទុនក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព និងគុណភាពប្រកបដោយគុណធម៌ និងសុវត្ថិភាព។