ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា
(ពោធិ៍សាត់)៖ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងក្រុមការងារ គ.ជ.គ.ម. នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
បើតាមរបាយការណ៍ របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា គិតត្រឹមនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់៖ ក្រុងស្រុក ចំនួន០៥ (ក្រុងពោធិ៍សាត់, ស្រុកភ្នំក្រវាញ, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកតាលោសែនជ័យ), ឃុំសង្កាត់ ចំនួន២១ ស្មើនឹង១១៩ភូមិ, ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ, ជម្លៀសប្រជាពលរដ្ឋបាន ចំនួន៥៤៥នាក់ ស្មើនឹង៤៣២គ្រួសារ ក្នុងនោះយើងបានត្រៀមទីទួលសុវត្ថិភាព ចំនួន១៦កន្លែង។
សម្រាប់ប៉ះពាល់ដល់ដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា (ការខូចខាតមិនទាន់កំណត់បាន), ប៉ះពាល់ដល់ផ្ទះ ចំនួន៤២០០ ខ្នង, ប៉ះពាល់ដល់សត្វពាហនៈ ចំនួន៣៦២ក្បាល, ប៉ះពាល់ផ្លូវប្រវែង៨៤,៩៦៦ម៉ែត្រ, ខូចខាតស្ពានឈើ និងបានជួសជុលចំនួន០៣កន្លែង។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជន ស្តីពីការកើនឡើងជាបន្តបន្ទាប់ នៃកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងកម្រិតមួយត្រូវប្រកាសអាសន្ន។ ជាក់ស្តែងក្នុងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះជាបណ្តើរៗហើយ ខណៈកម្ពស់ទឹកបច្ចុប្បន្ន ស្ថានីយ៍វាលវែង កម្ពស់ទឹក១.១០ (+០.០០) កម្ពស់ប្រកាសអាសន្ន៩ម៉ែត្រ, ស្ថានីយ៍បាក់ត្រកួន កម្ពស់ទឹក១.២៧(+០.១៧) កម្ពស់ប្រកាសអាសន្ន៦ម៉ែត្រ, ស្ថានីយ៍ក្បាលហុង កម្ពស់ទឹក ៤.៧០(-០.២១) កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ និងស្ថានីយ៍ចារឹក កម្ពស់ទឹក៦.១៨(-០.០២) កម្ពស់ប្រកាសអាសន្ន៦ម៉ែត្រ៕



