នាយឧត្តមសេនីយ៍ ស ថេត អញ្ចើញជាអធិបតី ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ និងសម្ពោធអគារមន្ទីរពេទ្យថ្មី ចំនួន ១ខ្នង កម្ពស់ពីរជាន់ មានស្លាបសងខាង ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់ ខេត្តកំពង់ស្ពឺ)។
បញ្ជាការដ្ឋានអង្គរក្ស បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឆ្នាំ២០០៤ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នសិក្ខាកាមរហូតមកដល់បច្ចុប្បន្ននេះ រយៈពេល ២១ឆ្នាំ បានចំនួន ៤៩វគ្គ ។ ក្រោយពីផ្លាស់ប្តូរទីតាំងភូមិសាស្ត្រពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករៀបចំកសាងមជ្ឈមណ្ឌល ហ្វឹកហ្វឺនថ្មី នៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៩ ។
យោងតាមសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកកិច្ចការមជ្ឈមណ្ឌលហ្វឹកហ្វឺន បានឱ្យដឹងថា មជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ទទួលហ្វឹកហ្វឺនក្នុងពេលតែមួយបានចំនួន ៤វគ្គ រួមមាន៖
– វគ្គបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស និងយុទ្ធវិធីថ្មើរជើងជំនាន់ទី៣១
– វគ្គបំប៉នជំនាញអង្គរក្សពិសេស និងយុទ្ធវិធីថ្មើរជើង ជំនាន់ទី៤
– វគ្គបំប៉នគរុកោសល្យយោធាចារ្យ
និង វគ្គជំនាញបច្ចេកទេសពិសេស។
ដោយឡែក វគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ ដែលបានប្រារព្ធពិធីបិទនាពេលនេះ មាន
សមាសភាពចូលរួមហ្វឹកហ្វឺន ចំនួន ៣៤៥នាក់ ក្នុងនោះ សិក្ខាកាម ចំនួន ៣០០នាក់, យោធាចារ្យ ចំនួន ៣០នាក់ និងគណៈគ្រប់គ្រង ចំនួន ១៥នាក់ ការហ្វឹកហ្វឺនរយៈពេលចំនួន ១២ខែ (ចាប់ពីថ្ងៃទី១៨ វិច្ឆិកា ២០២៤ ដល់ថ្ងៃទី១៥ វិច្ឆិកា ២០២៥) ដោយផ្តោតលើ ខ្លឹមសារមេរៀនធំៗចំនួន៥ រួមមាន៖
១. អប់រំចិត្តសាស្ត្រ, ២. យោធារួម និងជំនាញ, ៣. ភស្តុភារ និងសុខាភិបាល, ៤. ហ្វឹកហ្វឺនបច្ចេកទេស និង ៥. វិទ្យាសាស្ត្រសង្គម។
ជាលទ្ធផលហ្វឹកហ្វឺនបញ្ចប់វគ្គ ទទួលបាននិទ្ទេស៖ ល្អប្រសើចំនួន ១៥នាក់, ល្អណាស់ ៣៥នាក់, ល្អ ១១៦នាក់, ល្អបង្គួរ ៨០នាក់ និងមធ្យមចំនួន ៥៤នាក់។
ក្រោយបិទបញ្ជប់វគ្គហ្វឹកហ្វឺននាពេលនេះ មជ្ឍមណ្ដលនិងបន្តបើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣២ ដែលមានសិក្ខាកាមសរុបចំនួន ៣០០នាក់។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ច ការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ចូលរួមការបូរណភាពទឹកដី ការពារថ្នាក់ដឹកនាំ និងការកែច្នៃកសាងអង្គភាពជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ ឯកឧត្តម បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ជាមួយគ្នានេះ ឯកឧត្តម ស ថេត បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនេះ ក្នុងនោះ ដោយមានការចូលរួមចំណែកពីបញ្ជាការដ្ឋានអង្គរក្ស និងកងនគរបាលជាតិ ដូចជាជោគជ័យរៀបចំធានាសុវត្ថិភាពជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងការ ការពារអធិបតេយ្យបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីបរទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានផ្តាំផ្ញើដល់បញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ១០០កេស, មី ១០០០កេសតូច, ទឹកដោះគោ ១០០កេស, ទឹកបរិសុទ្ធ ៥០០កេស, ស្រាបៀរ ២០០កេស និងបានឧបត្ថម្ភថវិកា ដល់បញ្ជាការដ្ឋានអង្គរក្ស ៥០លានរៀល និងឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន ២០លានរៀល ហើយសម្រាប់សិក្ខាកាម ក្នុងម្នាក់ៗ ៨ម៉ឺនរៀល និងយោធាចារ្យ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ផងដែរ៕



