រដ្ឋមន្រ្តីសុខាភិបាល៖ «ការដឹកនាំគឺជាការលះបង់។ រាល់ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺមានអ្នកនៅរង់ចាំមើលពីក្រោយ ដូច្នេះត្រូវធ្វើការសម្រេចចិត្ត ប្រកបដោយករុណាធម៌ និងមនុស្សធម៌»

ខេត្តកំពង់ធំ៖  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ប៉ឹក គីមសានចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ ជំនួសឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ដែលបានចូលនិវត្តន៍ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នា២០២៥ ស្ថិតនៅសាលប្រជុំប្រាសាទសំបូរព្រៃគុក  ខេត្តកំពង់ធំ។

ថ្លែងបន្ថែមទៀតនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឱ្យ លោក ប៉ឹក គីមសាន ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ត្រូវអនុវត្តការងារឱ្យបានល្អជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បញ្ចេញឱ្យអស់ពីភាពប៉ិនប្រសប់របស់ខ្លួន ត្រូវយកចិត្តទុកដាក់សហការ ចេះកៀងគរធនធានព្រមទាំងចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ ឱ្យជាអ្នកមានការគោរព ក្រមសីលធម៌វិជ្ជាជីវៈ និងឱ្យបានទៅជាអ្នកផ្តល់សេវាសុខាភិបាលកាន់តែមានគុណភាពល្អឡើង ស្របតាមគោលនយោបាយសុខាភិបាលជាតិ ណែនាំស្តីពីការប្រតិបត្តិគ្លីនិកពិធីសារនៃការពិនិត្យ ព្យាបាល ស្តង់ដារគុណភាព ផែនការយុទ្ធសាស្ត្រសុខាភិបាល មគ្គុទ្ទេសក៍ក្នុងការបំរើប្រជាពលរដ្ឋ និងបទដ្ឋានបច្ចេកទេសនានា ជាពិសេសឱ្យបានទៅជាអ្នកផ្តល់សេវាដ៏ល្អ ស្របតាមគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈគ្រប់គ្រង និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការបំពេញតួនាទីភារកិច្ច និងទទួលបានវឌ្ឍនភាពដូចសព្វថ្ងៃ។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចដែរថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល វិស័យសុខាភិបាល ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយនៅកម្ពុជា និងកំពុងបន្តអភិវឌ្ឍជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍ និងវិវត្តន៍នៃសេដ្ឋកិច្ច សង្គម និងតាមតម្រូវការរបស់ប្រជាជន។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំ លោកប្រធានមន្ទីរសុខាភិបាលថ្មី ខិតខំយកចិត្តទុកដាក់ ក្នុងការដឹកនាំបន្ត ជាពិសេសសូមឱ្យមានការគ្រប់គ្រង និងអន្តរាគមន៍ត្រឹមត្រូវ រហ័ស និងទាន់ពេលវេលា ក្នុងករណីមានជំងឺឆ្លងរាតត្បាតផ្សេងៗ និងជំងឺគ្រប់ប្រភេទ ដែលអាចកើតមាន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរបន្ថែមដល់ប្រធានមន្ទីរសុខាភិបាលថ្មី ឱ្យបន្តដឹកនាំរក្សានូវនិរន្តន៍ភាព នៃដំណើរការបម្រើសេវាសុខាភិបាល នៅក្នុងខេត្ត និងអភិវឌ្ឍសេវាបន្ថែមទៀត ឱ្យកាន់តែច្រើន និងកាន់តែប្រសើរ ជាពិសេសត្រូវបន្តចុះដល់មូលដ្ឋានផ្ទាល់ជាញឹកញ៉ាប់ និងគ្រប់ពេលវេលា ដើម្បីស្តាប់មន្រ្តីថ្នាក់ក្រោម និងសំណូមពរជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ សំដៅការអនុវត្តន៍ចំគោលដៅ៕