ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសិក្ខាសាលា ស្តីពី ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់ប្រព័ន្ធគាំពាសង្គមឆ្លើយតបយេនឌ័រ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសិក្ខាសាលា ស្តីពី ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់ប្រព័ន្ធគាំពាសង្គមឆ្លើយតបយេនឌ័រ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅយ៉ាងជាក់លាក់ ក្នុងការតាមដាន និងវាយតម្លៃពីលទ្ធភាព ក្នុងការឆ្លើយតប និងឆន្ទៈក្នុងការលើកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍ដល់ស្រ្តី និងក្មេងស្រី តាមរយៈការកសាងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលជាកិច្ចការជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនានា។
ឯកឧត្តម បន្តថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពង្រីកការយលដឹងអំពីទ្រឹស្តីទាក់ទងនឹងយេនឌ័រ និងបរិយាបន្នសង្គម ស្វែងយល់ពីសារៈសំខាន់នៃការបញ្ជ្រាបយេនឌ័រក្នុងគាំពារសង្គម និងពង្រីកការយល់ដឹង អំពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការឆ្លើយតបនឹងយេនឌ័ ក្នុងប្រព័ន្ធគាំពារសង្គម និងស្ថាប័នពាក់ព័ន្ធ ពិសេស បំផុសគំនិតផ្ដួចផ្ដើមទាក់ទងនឹងការងារបញ្ជ្រាបយេនឌ័រ នៅក្នុងវិស័យគាំពារសង្គម និងសង្គមកិច្ច និងអំពីតួនាទីរបស់ក្រុមការងារបញ្ជ្រាបយេនឌ័រ។ ចំពោះការគិតគូរពីតួនាទីយេនឌ័រ បានដើរតួយ៉ាងសំខាន់ មិនអាចមើលរំលង ព្រោះបុរស និងស្ត្រី ជាតួអង្គដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍជាតិ។ ដូច្នេះប្រព័ន្ធគាំពារសង្គមដែលគិតគូរពីយេនឌ័រ គឺពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយវិសមភាព ធ្វើឱ្យមានសមធម៌ក្នុងគ្រួសារនិងសង្គម ផ្សារភ្ជាប់ស្ត្រីទៅក្នុងសកម្មភាពសេដ្ឋកិច្ច បង្កើនភាពធន់របស់មាតានិងកុមារនិងពង្រឹងតួអង្គសង្គមដើម្បីកាត់បន្ថយហានិភ័យនានា។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍មួយចំនួន សម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង បន្តកិច្ចសហការជាមួយក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ស្ត្រី និងការងារស្ត្រី ក្នុងកម្មវិធីជាតិជំនួយសង្គម និង ប្រព័ន្ធគាំពារសង្គមកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព និងបន្តកិច្ចខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការជំរុញការងារស្ត្រី ទៅក្នុងកម្មវិធី និងគម្រោងនានា តាមជំនាញនីមួយៗ ឆ្លើយតបនឹងគោលនយោបាយ និងផែនការអភិវឌ្ឍជាតិ ពិសេស បន្តការផ្សព្វផ្សាយអំពីកិច្ចការលើកម្ពស់ស្ត្រី និងក្មេងស្រី តាមគ្រប់រូបភាព ឱ្យបានទូលំទូលាយ និងពង្រឹងសេវាបញ្ជូនបន្ត រួមទាំងការតភ្ជាប់កម្មវិធីជាតិជំនួយសង្គម និងសេវាសង្គមកិច្ច និងបន្តពង្រឹងការអនុវត្តផែនការសកម្មភាពនានាឆ្លើយតបនឹងយេនឌ័រ ។



