ផ្អើលឆោឡោ! ខណៈនៅសុខៗមានអគ្គីភ័យឆាបឆេះ ក្នុងព្រឹត្តិការណ៍កិច្ចពិភាក្សាផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP30 នៅប្រទេសប្រេស៊ីល

អគ្គីភ័យបានឆាបឆេះឡើង និង រំខានដល់កិច្ចពិភាក្សាលើបញ្ហាអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ (ម៉ោងនៅក្នុងស្រុក) ដោយបង្ខំឱ្យមានការជម្លៀសមនុស្សនិងស្តង់ការងារជាជាច្រើនទៀត ខណៈដែលកិច្ចពិភាក្សានោះនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះដើម្បីបញ្ចប់ ហើយអ្នកចរចាគ្រប់ភាគីពាក់ព័ន្ធមិនទាន់បានប្រកាសពីកិច្ចព្រមព្រៀងសំខាន់ៗណាមួយនៅឡើយទេ។ មន្ត្រីបាននិយាយថាគ្មាននរណាម្នាក់រងរបួសនោះឡើយ។ អគ្គីភ័យនេះត្រូវបានរាយការណ៍ថាបានកើតឡើងនៅក្នុងទីតាំងនៃសាលមួយដែលស្ថិតក្នុងព្រឹត្តិការណ៍ក្រៅឆាកនៃកម្មវិធីអំឡុងពេលកិច្ចពិភាក្សាប្រចាំឆ្នាំ ដែលត្រូវបានគេស្គាល់នៅឆ្នាំនេះថាជា COP30។ អ្នករៀបចំបានប្រកាសភ្លាមៗថាអគ្គីភ័យស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែមន្ត្រីពន្លត់អគ្គីភ័យបានបញ្ជាឱ្យរុះរើទីតាំងទាំងមូលចេញដើម្បីត្រួតពិនិត្យសុវត្ថិភាពជាថ្មី ទោះបីវាមិនច្បាស់ទេថាតើពេលណានឹងត្រូវដំណើរការឡើងវិញនោះ។ រយៈពេលពីរទៅបីម៉ោងមុនពេលអគ្គីភ័យឆាបឆេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានជំរុញឱ្យប្រទេសនានាចូលរួមសម្របសម្រួល និងបង្ហាញពីឆន្ទៈ និងភាពបត់បែនរបស់ខ្លួនក្នុងការផ្តល់លទ្ធផលរួមគ្នា លើបញ្ហាអាកាសធាតុ បើទោះបីជាពួកគេមិនបានអនុវត្តតាមវិធានការខ្ពស់បំផុតដែលប្រទេសមួយចំនួនចង់បានក៏ដោយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ