ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រី នៃនាយកដ្ឋានមន្ទីរពេទ្យ ដើម្បីពិនិត្យ និងពង្រឹងការងាររបស់នាយកដ្ឋានឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត
ជាកិច្ចចាប់ផ្តើម ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានធ្វើសេចក្តីរាយការណ៍ ពីវឌ្ឍនៈភាពការងារស្នូល និងសមិទ្ធផលមួយចំនួន របស់នាយកដ្ឋាន។
ជាបន្ទាប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់ជូននូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១. ពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ សម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន
២. ពង្រឹងសុវត្ថិភាពវះកាត់ ត្រូវបង្កើតស្តង់ដា Checklist សុវត្ថិភាពវះកាត់ដែលអាចប្រើប្រាស់ សម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដោយធ្វើការវាយតម្លៃនិយ័តកម្ម ជាពិសេសចុះពិនិត្យសេវាមូលដ្ឋានសុខាភិបាលឯកជន ផ្នែកវះកាត់ ផ្នែកសម្ភព ផ្នែកមន្ទីរពិសោធន៍ជាដើម
៣. ពង្រឹងការគ្រប់គ្រងឧបករណ៍វេជ្ជសាស្រ្ត ការតាមដានជួសជុល ការថែទាំ និងរក្សាឱ្យមានប្រសិទ្ធភាពខ្ពស់
៤. ពង្រឹងការងារតាមដានការចម្លងរោគតាមរយៈការថែទាំសុខភាព
៥. ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា
៦. មូលដ្ឋានសុខាភិបាលសារធារណៈ ត្រូវកំណត់តម្លៃសេវាសុខាភិបាល ឱ្យសមស្របតាមកម្រិតជីវភាពប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ
៧. នាយកដ្ឋានមន្ទីរពេទ្យ ត្រូវមានទំនាក់ទំនងល្អ ជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីឱ្យមានប្រសិទ្ធភាពការងារ
៨. ពិនិត្យមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនត្រូវអនុវត្តស្តង់ដាតែមួយ
៩. បង្តើតក្រុមការងារបច្ចេកទេសចំរុះដោយមាន៣ក្រុម (១) គុណភាព សុវត្ថិភាព (២) សង្រ្គោះបន្ទាន់ (៣) ការគ្រប់គ្រង និងព័ត៌មានវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានមន្ទីរពេទ្យ ដែលបាមខិតខំបំពេញការងារ តាមតួនាទីភារកិច្ចបានល្អ នាពេលកន្លងមក និងសូមបន្តពង្រឹងបន្ថែមទៀត ឱ្យកាន់តែល្អជាងនេះ។



