លោក Vladimir Putin បញ្ជាក់ក្នុងសន្និសីទ AI Journey ថា៖ រុស្ស៊ីត្រូវតែមានបច្ចេកវិទ្យានិងផលិតផលទំនើបៗ ជាច្រើនប្រភេទក្នុងវិស័យ AI របស់ពិភពលោក
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានស្វាគមន៍ដោយមនុស្សយន្ត ឬ Robot រាំរែកមួយ នៅពេលដែលរូបលោកបានមកដល់កម្មវិធីសន្និសីទលើបញ្ញាសិប្បនិម្មិតនៅក្នុងទីក្រុងមូស្គូ។ បន្ទាប់មកលោក Putin បានឡើងនៅលើវេទិកានៃសន្និសីទ AI Journey ដោយប្រាប់ទស្សនិកជនថារុស្ស៊ី៖ ត្រូវតែមានបច្ចេកវិទ្យា និងផលិតផលទំនើបៗផ្ទាល់ខ្លួនជាច្រើនប្រភេទនៅក្នុងវិស័យបញ្ញាសិប្បនិម្មិតដ៏សកម្មបំផុត។ លោកបានបន្ថែមថា៖ វិសាលភាពទាំងមូលនៃគំរូបែបនេះ គឺត្រូវតែបានបណ្តុះបណ្តាលឡើង និងគ្រប់គ្រងយ៉ាងពេញលេញដោយអ្នកឯកទេសរុស្ស៊ី នៅគ្រប់ដំណាក់កាលទាំងអស់។ លោក Putin បានកត់សម្គាល់ទៀតថា៖ ការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មី និងការសាងសង់ទីតាំងថាមពលនុយក្លេអ៊ែរថ្មី ដើម្បីផ្តល់ថាមពលដល់ពួកគេ ដែលជាអាទិភាពចម្បងសម្រាប់ប្រទេសរុស្ស៊ីដែរ។ ក្នុងរយៈពេលតិចជាងពីរទសវត្សរ៍មកនេះ ជាពិសេសនៅតំបន់អ៊ុយរ៉ាល់ ស៊ីបេរី និងចុងបូព៌ា ពួកយើងមានគម្រោងសាងសង់អង្គភាពថាមពលនុយក្លេអ៊ែរចំនួន៣៨ហើយ ហើយសមត្ថភាពសរុបរបស់ពួកគេស្ទើរតែស្មើនឹងសមត្ថភាពរបស់រោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



