ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា អញ្ជើញពិនិត្យមើលអគារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដើម្បីរៀបចំកែលម្អឡើងវិញក្នុង គោលដៅពង្រឹងសមត្ថភាពស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិឈានមុខជានិច្ចក្នុងបុព្វហេតុបំរើផលប្រយោជន៍ប្រជាជន

( ភ្នំេពេញ )៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទៅជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃវិទ្យុជាតិ និងពិនិត្យមើលអគារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីរៀបចំកែលម្អឡើងវិញក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិឈានមុខជានិច្ចក្នុងបុព្វហេតុបំរើផលប្រយោជន៍ប្រជាជន ។

ការរៀបចំជួសជុលឡើងវិញនៅផ្នែកខ្លះៗនៃអគារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក៏ជាការធ្វើអោយទីតាំងស្ថាប័នផ្សព្វផ្សាយរបស់ជាតិ មានសោភណភាព ជាកន្លែងបំពេញការងារប្រកបដោយ ផាសុខភាពសម្រាប់មន្ត្រីរាជការបំពេញកិច្ចការងារ ជាពិសេសលើកកំពស់គុណភាព សមត្ថភាពការផ្សព្វផ្សាយឲ្យកាន់តែ ទំនើប និងមានគុណភាពស្របតាមសម័យបច្ចេកវិទ្យារីកចម្រើន។ វិទ្យុជាតិកម្ពុជា មានទស្សនៈវិស័យចំបងក្នុងការផ្សព្វផ្សាយបម្រើផលប្រយោជន៍ សាធារណជន ដោយមានកម្មវិធីប្រកបដោយខ្លឹមសារ តុល្យភាព ត្រឹមត្រូវ ទាន់សភាពការណ៍ដែលអាចផ្តល់ដំណឹង និងសម្របសម្រួលការពិភាក្សារវាង រដ្ឋាភិបាល ប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជន។ វិទ្យុជាតិ កម្ពុជាបានបន្តពង្រឹងគុណភាពក្នុងការផលិតកម្មវិធីកំសាន្ត អប់រំ ដើម្បីចូលរួមលើកកំពស់ វប្បធម៌ ប្រពៃណីជាតិ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ក្នុងក្របខណ្ឌនៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន ក្នុងទិសដៅកំណត់នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បន្ពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដ នៃបច្ចេកវិទ្យានិងសង្គមក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងជំនឿទុកចិត្ត ៕