សត្វជ្រឹង និងកង្វល់នៃការផ្ទុះវីរុសនីប៉ាហ៍

សត្វជ្រឹងគឺជាប្រភេទថនិកសត្វតែមួយគត់ដែលអាចហោះហើរបាន ក្នុងចំងាយចន្លោះពី៣៥​ ទៅ៤០ គីឡូម៉ែត្រ និងឆ្ងាយជាងនេះដើម្បីស្វែងរកចំណី។ សត្វជ្រឹងខុសពីសត្វប្រជៀវ ព្រោះសត្វជ្រឹងមិនស៊ីសត្វល្អិតទេ តែវាស៊ី ផ្លែឈើដែលមានក្លិនក្រអូប ផ្កា និងលម្អងផ្កា។ សត្វជ្រឹងមាន៣ប្រភេទ គឺជ្រឹងមធ្យម ជ្រឹងធំ និងជ្រឹងកោះ។  សត្វជ្រឹងទាំង៣ប្រភេទមានការរស់នៅផ្សេងគ្នា ដោយជ្រឹងមធ្យម និងជ្រឹងធំ ចូលចិត្តរស់នៅតាមដើមឈើធំៗ ខ្ពស់ៗ ចំណែកជ្រឹងកោះ រស់នៅតាមកោះនានា។

សត្វជ្រឹងចាត់ទុកថាជាប្រភេទសត្វស្លូត ប៉ុន្តែសត្វជ្រឹងត្រូវបានរកឃើញថាមានផ្ទុកនូវវីរុសនីប៉ាហ៍ (Nipah Virus)  ដែលជាការព្រួយបារម្ភ អាចបង្កហានិភ័យខ្ពស់ក្នុងការរាតត្បាតឆ្លងវីរុស ទៅមនុស្ស​។ យោងតាមអង្គការសុខភាពពិភពលោក ឆ្នាំ២០២៣។

វីរុសនីប៉ាហ៍ គឺជាសមាជិកគ្រួសារ Paramyxoviridae ។ វីរុសនេះជាអំបូរមេរោគ zoonotic ជាមេរោគឆ្លងពីសត្វទៅមនុស្ស ហើយសត្វដែលមានផ្ទុកមេរោគនេះជាសត្វជ្រឹង។​ មេរោគនេះអាចចម្លងជំងឺពីសត្វជ្រឹង សត្វជ្រូកទៅកាន់មនុស្ស និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់នឹងទឹកមាត់ ឬទឹកនោមអ្នកដែលមានផ្ទុកមេរោគនេះ។ យោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ឆ្នាំ២០២០។ វីរុសនីប៉ាហ៍នាំឱ្យអ្នកជំងឺមានអាការៈដូចជាគ្រុនផ្តាសាយ មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងអាចកើត ជំងឺរលាកខួរក្បាល។ អ្នកវិទ្យាសាស្រ្តបានព្យាករណ៍​អំពីលទ្ធភាពនៃជំងឺរាតត្បាតជាច្រើន ដែលអាចនឹងកើតមាន ក្រោយសម័យកូវីដ១៩ ក្នុងនោះមានវីរុសនីប៉ាហ៍នេះផងដែរ។

​យោងតាមលោកស្រីវេជ្ជបណ្ឌិត Supaporn Wacharapluesadee ​វិរុសវិទូ ឯកទេសវីរុសនីប៉ាហ៍ នៃមជ្ឈមណ្ឌលជំងឺឆ្លងកាកបាទក្រហមថៃមន្ទីរពេទ្យជូឡាឡុងកន ក្រុងបាងកក បានមានប្រសាសន៍ថា មេរោគដែលមានក្នុងសត្វជ្រឹង ត្រូវបានរកឃើញថា មានទំនាក់ទំនងផងដែរនឹងជំងឺ SARS-Cov ដែលជាមូលហេតុនៃជំងឺផ្លូវដង្ហើមស្រួចស្រាវ (SARS) និងរោគសញ្ញាផ្លូវដង្ហើមមជ្ឍឹមបូព៌ា (MERSE-Cov)។

លោកស្រីវេជ្ជបណ្ឌិតបានបង្ហាញក្តីព្រួយបារម្ភនៃការផ្ទុះឡើងនូវវីរុសនីប៉ាហ៍ ដែលចម្លងពីសត្វជ្រឹងទៅមនុស្សក្នុងសហគមន៍នាពេលអនាគត​ ខណៈសត្វជ្រឹងមានចំនួនកាន់តែច្រើន ហើយការអប់រំមិនទាន់ទូលំទូលាយ។

នៅប្រទេសកម្ពុជា សត្វជ្រឹងមានរស់នៅគ្រប់ទីកន្លែង ដូចជានៅខេត្តបាត់ដំបង ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ផ្សេងៗទៀត។ ថ្វីត្បិតនៅប្រទេសកម្ពុជាមិនទាន់មានករណីកើតមានវីរុសនីប៉ាហ៍ សត្វជ្រឹងដែលមានចំនួនកាន់តែច្រើនឡើង ពិសេសនៅតំបន់ទេសចរណ៍ និងតំបន់ទីប្រជុំជនដែលមានមនុស្សរស់នៅកកកុញ  អាចប្រឈមខ្ពស់នៃការឆ្លងវីរុសនីប៉ាហ៍នេះ ពីសត្វជ្រឹងទៅមនុស្សបាន តាមរយៈការប៉ះ លាមក ទឹកនោម ទឹកមាត់ដែលជាប់នឹងផ្លែឈីដែលវាបានស៊ីធ្លាក់ ជាដើម។

យោងតាមឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកបានព្រួយបារម្ភពីសត្វជ្រឹងដែលមានផ្ទុកវីរុសនីប៉ាហ៍ ដែលអាចចម្លងពីសត្វមកមនុស្ស។ ហើយនៅប្រទេសកម្ពុជាក៏ធ្លាប់រកឃើញវីរុសនីប៉ាហ៍នៅក្នុងសត្វជ្រឹងដែរដោយអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ឧត្តមវេជ្ជបណ្ឌិត បានបន្តទៀតថា តាមរយៈការយកវត្ថុធាតុពីសត្វជ្រឹងប្រមាណ​ ៤​ ០០០ ក្នុងពីរខេត្តនៃប្រទេសកម្ពុជាទៅធ្វើតេស្ត ដោយក្នុងនោះប្រមាណ ៣០ រកឃើញវិជ្ជមាន។ ក្រៅពីនេះ ការសិក្សា ក៏បានយកវត្ថុធាតុពីមនុស្សចំនួន ៤ ០០០នាក់ដែលរស់នៅតំបន់សត្វជ្រឹង ព្រមទាំងអ្នកជំងឺរលាកស្រោមខួរក្បាល និងរលាកខួរក្បាលផ្សេងទៀតទៅធ្វើតេស្តផងដែរ ប៉ុន្តែលទ្ធផលអវិជ្ជមាន។

សត្វព្រៃដូចជា សត្វប្រចៀវ និងសត្វជ្រឹងជាដើម មានហានិភ័យនៃការឆ្លងវីរុសនីប៉ាហ៍ និងវីរុស បាក់តេរីផ្សេងៗទៀតទៅមនុស្សខុសពីសត្វស្រុក ដែលជួនកាលវាចម្លងទៅសត្វជ្រូក រួចឆ្លងរាលដាលដល់មនុស្ស។ ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ទៀតថាការឆ្លងកើតឡើងតាមរយៈការប៉ះពាល់ផ្ទាល់ពីទឹកមាត់ រឺទឹកសិរីរាង្គរបស់សត្វ និងបានសំណូមពរឱ្យប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជិតតំបន់សត្វជ្រឹងមានការប្រុងប្រយ័ត្ន កុំទៅជិតដិត និងប៉ះផ្ទាល់ជាមួយសត្វជ្រឹង។ ជាមួយគ្នានេះដែរការទៅយកទឹកមាត់ពីសត្វត្រចៀកកាំ សូមពាក់ស្រោមដៃ ម៉ាស និងអាវការពារឱ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងការឆ្លងវីរុសនីប៉ាហ៍ដោយយថាហេតុ។

ឯកឧត្តមវេជ្ជបណ្ឌិត បានជម្រុញឱ្យពលរដ្ឋដែលបានប៉ះផ្ទាល់ជាមួយសត្វជ្រឹង សត្វប្រចៀវ និងសត្វត្រចៀកកាំ(ពលរដ្ឋប្រកបមុខរបរយកទឹកមាត់ត្រចៀកកាំផ្ទាល់) ក្រោយរយៈពេល១ថ្ងៃ ១០ថ្ងៃ រឺ១ខែ បានលេចចេញនូវសញ្ញា គ្រុនក្តៅ ឈឺក្បាលខ្លាំង និងក្អួតចង្អោរ សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាពបង្អែកជាបន្ទាន់ ដើម្បីធ្វើតេស្តស្វែងរកវីរុស និងព្យាបាលឱ្យបានទាន់ពេល ជាការបង្ការការឆ្លងមេរោគតៗគ្នា។

គួរបញ្ជាក់ថា វីរុសនីប៉ាហ៍ ត្រូវបានរកឃើញដំបូងនៅរវាងឆ្នាំ១៩៩៨-១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី អំឡុងពេលផ្ទុះក្នុងចំណោមអ្នកចិញ្ចឹមជ្រូក និងអ្នកដែលប៉ះផ្ទាល់ ដែលបានបង្កឱ្យមនុស្ស ស្លាប់ចំនួនជាង ១០០ករណី និងអ្នកជំងឺជិត ៣០០ករណី ព្រមទាំង បានប៉ះពាល់ដល់ផលិតកម្មចិញ្ចឹមជ្រូករាប់ពាន់លានដុល្លារ។ បើតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីឆ្នាំ២០០១ វីរុសនីប៉ាហ៍ក៏បានផ្ទុះ នៅប្រទេស​បង់ក្លាដេស និងឥណ្ឌាជាបន្តបន្ទាប់ស្ទើររាល់ឆ្នាំ និងរដូវកាលផងដែរ ដែលនាំឱ្យមានករណីឈឺ និងស្លាប់។ នៅប្ររទេសបង់ក្លាដេស វីរុសបានចម្លងផ្ទាល់ពីសត្វជ្រឹងទៅមនុស្ស តាមរយៈការទទួលទានទឹកត្នោតកខ្វក់ដោយទឹកមាត់ និងទឹកនោមសត្វជ្រឹង។ រហូតដល់ពេលនេះ វីរុសនេះកើតមានចំនួន ៣៤៧ករណី និងមានអត្រាស្លាប់ចំនួនជាង៧០% ។ ចំណែកនៅប្រទេសឥណ្ឌា វីរុសបានចម្លងទៅមនុស្សដោយការប៉ះផ្ទាល់ជាមួយសត្វជ្រឹង និងទទួលទានអាហារ និងទឹកកខ្វក់។