ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញដឹកនាំសន្និបាទអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍​និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយបរទេសមានការធ្លាក់ចុះ។ ម្សិលមិញ យើងបានស្វែងយល់លើអំពីអាទិភាពសម្រាប់ប្រាំមួយខែបន្ទាប់។ ហើយនៅថ្ងៃនេះ យើងកំណត់ពីរបៀបដែលយើងបង្វែរចំណុចអាទិភាពទាំងនោះឱ្យទៅជាសកម្មភាព។ គោលដៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៨ គឺស្ថិតក្នុងលក្ខខណ្ឌនៃការឈានទៅសម្រេចបានរបស់យើង។ ប៉ុន្តែ ម្ចាស់ជំនួយកំពុងកាត់បន្ថយការគាំទ្ររបស់ខ្លួន ដែលយើងត្រូវប្រឈមនឹងស្ថានភាពមួយដែលធនធានមានកំណត់ ពេលវេលាដែលមានខ្លី ហើយនឹងគោលដៅមានមហិច្ឆិតាខ្ពស់។ ក្នុងការផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ រួមជាមួយនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ព្រមទាំងអង្គការដៃគូ សំដៅពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានទៅសម្រេចបានគោលដៅ៩៥ទី១។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ចំណុចស្នូលចំនួនបីដែលទាមទារក្នុងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់គឺ៖ ១-គំរូប្រតិបត្តិការរបស់យើង ២-ការធានាហិរញ្ញវត្ថុប្រកបដោយចីរភាពដោយការបង្កើនប្រសិទ្ធភាពធនធានដែលមានស្រាប់ និង៣-អភិបាលកិច្ចល្អ។ ការដកថយរបស់ម្ចាស់ជំនួយពីខាងក្រៅមិនមែនជាការថយក្រោយនោះទេ តែគឺជាលទ្ធផលផ្ទាល់នៃភាពជោគជ័យរបស់យើង ហើយនេះជាកត្តាចាំបាច់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ ការទទួលខុសត្រូវពេញលេញក្នុងការឆ្លើយតបនឹងជំងឺអេដស៍នឹងស្ថិតនៅក្នុងដៃរបស់យើង។ នេះគឺជាពេលវេលាកំណត់សម្រាប់ភាពជាម្ចាស់របស់យើង។ ដើម្បីទទួលបានជោគជ័យក្នុងបរិបទថ្មីនេះយើងត្រូវប្រកាន់យកគោលការណ៍«បីមួយ» ដែលជាប្រព័ន្ធថាមវន្តដែលភាគីពាក់ព័ន្ធទាំងអស់ ដំណើរការក្រោមក្របខណ្ឌរួមមួយ៖

ផែនការយុទ្ធសាស្រ្តតែមួយ៖ សកម្មភាពរបស់យើងត្រូវតែតម្រឹមឱ្យបានល្អសមស្របជាមួយយុទ្ធសាស្រ្តជាតិ។

យន្តការសម្របសម្រួលតែមួយ៖ កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវបញ្ជូនតាមរយៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីលុបចេញការត្រួតជាន់ភារកិច្ច និងបង្កើនប្រសិទ្ធភាព។

ប្រព័ន្ធតាមដាននិងវាយតម្លៃតែមួយ៖ យើងត្រូវតែប្រើប្រព័ន្ធជាតិតែមួយដែលអាចទុកចិត្តបាន សម្រាប់ការតាមដានវឌ្ឍនភាព និងការប្រើប្រាស់ធនធាន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញដឹកនាំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥ នៅ ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយសន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៦ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជារបស់យើង។

ទន្ទឹមនឹងនេះ មុននឹងប្រកាសបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងស្នើគ្រប់ក្រសួង ស្ថាប័ន និងជាពិសេសប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តនីមួយៗ បង្ហាញពីភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ តាមរយៈការប្រកាន់ខ្ជាប់ និងភាពម៉ឺងម៉ាត់ចំពោះ៖ តម្លាភាពនិងគណនេយ្យភាព,ប្រសិទ្ធភាពនិងអាទិភាព, ការត្រួតពិនិត្យនិងតាមដាន៕