សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពី “ ទេសចរណ៍ឌីជីថល “ ពិតជាមានសារៈសំខាន់ ចំពោះការធ្វើទីផ្សារបែបប្រពៃណី និងបរិបទកម្ពុជានាពេលបច្ចុប្បន្ន

ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពី”ទេសចរណ៍ឌីជីថល “ ដ៏មានសារៈសំខាន់ចំពោះសិក្ខាកាម ដែលធ្វើគើងក្រោមធធិបតីភាព ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាក្រសួង ទេសចរណ៍ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងលោកអភិបាល ក្រុង/ស្រុក និងលោក/លោកស្រី ប្រធាន អនុប្រធានមន្ទីរទេសចរណ៍មកពីបណ្ដាខេត្ត/រាជធានីផងដែរ។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថារដ្ឋបាលខេត្ត បានសហការជាមួយក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពី “ទេសចរណ៍ឌីជីថល “ នាពេលនេះដែលជាការលើកស្ទួយដល់វិស័យទេសចរណ៍កាន់តែល្អប្រសើរឡើងនៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា តារារះនាទិសនិរតី និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លោក បានបន្ថែមថា វិស័យទេសចរណ៍ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមជំរុញបរិវត្តកម្ម ឌីជីថល ស្រប តាមយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្ដជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង(ស្អាត និងវៃឆ្លាត)ក្នុងការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច។

នាឱកាសនោះ ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងថ្ងៃនេះប្រធានបទសំខាន់ៗដែលឆ្លុះបញ្ចាំងអំពីភាពប្រទាក់ក្រឡាគ្នា រវាងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថលរបស់ក្រសួងទេសចរណ៍ និងកិច្ចសហការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថលជាមួយវិស័យឯកជន ព្រមទាំងយកឱកាសនេះប្រមូលធាតុចូលពីកិច្ចពិភាក្សាក្នុងសិក្ខាសាលា គឺដើម្បីបានជាតម្លៃបន្ថែមនៅ ក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ច្រើនក្នុងការជំរុញកំណើនទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានផ្ដល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលានាពេលនេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនអក្ខរកម្ម និងបំណិនបច្ចេកវិទ្យាឌីជីថលដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកប្រើប្រាស់ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសុវត្ថិភាព និងសន្តិសុខសាយប័រ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនចំណេះជំនាញនិងបច្ចេកទេសច្បាស់លាស់ រួមទាំងជំរុញការធ្វើទីផ្សារបែបឌីជីថល ដោយរក្សាការធ្វើទីផ្សារបែបប្រពៃណី ចំពោះបរិបទកម្ពុជានាពេលបច្ចុប្បន្ន៕