ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ពិធីបិទ «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេស លើកទី ៣៣»

ក្រសួងធម្មការនិងសាសនាបានរៀបចំពិធីបិទ «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេស លើកទី ៣៣» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។

ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំពាហិរសាសនា នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនអង្គ/នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

មានសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ អំពីរបាយការណ៍សង្ខេបថា អនុវត្តផែនការសកម្មភាពការងាររបស់ក្រសួងធម្មការនិងសាសនា ដោយពេលកន្លងមក តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងពង្រឹងគុណភាព អប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងនូវប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឧត្តមានុសាសន៍ ដល់គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា មួយចំនួនដូចខាងក្រោម៖
១.សូមឱ្យព្រះសង្ឃចូលរួមផ្សព្វផ្សាយ បញ្ជាបការយល់ដឹងអំពី គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈការសម្តែងព្រះធម៌ទេសនា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លុបបំបាត់ភាពអសកម្មមួយចំនួន មានការជួញដូរមនុស្ស ការជួយដូរកុមារ ការជួញដូរគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងជាដើម។ល។
២.សូមអំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំង ប្រទេស បន្តគាំទ្រដល់រាជរដ្ឋាភិបាល ចូលរួមអនុវត្តនូវខឿនការពារជាតិ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងប្រដាប់អាវុធជួរមុខ ដែលកំពុង តែឈរជើងយ៉ាងរឹងមាំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររបស់ក្រសួងធម្មការនិងសាសនាដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន និងគណៈសង្ឃនាយកទាំងពីរគណៈ សម្រេចបានក្នុងឆ្នាំកន្លងទៅនេះ ប្រកបដោយភាពជោគជ័យក្នុងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ការអប់រំ តាមរយៈទ្រឹស្តីសាសនា ជាពិសេសទ្រឹស្តីព្រះពុទ្ធសាសនាកាន់តែមានភាពចាំបាច់ ដើម្បីពង្រីកការយល់ដឹងអំពីហេតុផលជីវិត និងពង្រឹងគោរពប្រណិប័តន៍ ធម៌វិន័យ សំដៅលើកកម្ពស់គុណធម៌ សីលធម៌ សាមគ្គីធម៌ និងមនសិការស្នេហាជាតិ ដែលជាមូលដ្ឋាននៃការកសាងសង្គមខ្មែរ ប្រកបដោយសុខសន្តិភាព សណ្តាប់ធ្នាប់ និង សុខដុមរមនា និង ការកសាងសេដ្ឋកិច្ចជាតិ ប្រកបដោយភាពធន់ បរិយាប័ន្ន និង ចីរភាព។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏ធានាបាននូវសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ ហើយតែងតែលើកកម្ពស់សេរីភាពខាងជំនឿ និងជំរុញសុខដុមនីយកម្មសាសនានៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិកគ្រប់រូបក្នុងការគោរពប្រណិប័តន៍ជំនឿលើគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា និងសូមគាំទ្រក្រសួងធម្មការ និងសាសនា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន ៥ សម្រាប់    អនុវត្តរយៈពេល ៥ ឆ្នាំ (២០២៤-២០២៨) រួមមាន៖ (១). ការលើកកម្ពស់សាសនារបស់រដ្ឋ, (២).  ការលើកកម្ពស់សីលធម៌សង្គម, (៣). ការរក្សាសុខដុមនីយកម្មសាសនា, (៤). ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត, និង(៥). ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស, សំដៅលើកកម្ពស់គុណតម្លៃព្រះសាសនា សីលធម៌សង្គម និងសុខដុមនីយកម្មសាសនា ។

នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់នូវ អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១.ក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈពង្រីក ការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវសង្ឃប្រកាស ដែលបានដាក់ចេញក្នុង «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេស» លើកទី ៣៣ និង លើកមុនៗ តាមរយៈការដាក់ចេញនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសង្ឃប្រកាសទាំងអស់។
ទី២.    ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះការស្នើតែងតាំងក្នុងរចនាសម្ព័ន្ធដឹកនាំ ឬគ្រប់គ្រងរបស់គណៈសង្ឃ និងការស្នើផ្តល់គោរមងារ ដើម្បីចៀសវាងការតែងតាំង និងការផ្តល់ព្រះ  តួនាទី និង គោរមងារស្ទួនដែលនឹងផ្តល់ផលជះអវិជ្ជមានដល់ការដឹកនាំ និងការគ្រប់គ្រងរបស់គណៈសង្ឃ។
ទី៣.   ការបំបួសកុលបុត្រដែលជាអ្នកបន្តអាយុព្រះពុទ្ធសាសនា ត្រូវពិនិត្យឱ្យបានគ្រប់-ជ្រុងជ្រោយលើគុណសម្បត្តិ ដោយធ្វើឱ្យមានសង្គតិភាពទៅនឹងពុទ្ធប្បញ្ញត្តិ ពុទ្ធានុញ្ញាត និង ច្បាប់រដ្ឋដែលមានជាធរមាន ។
ទី៤.   ជំរុញការរៀបចំឱ្យបានត្រឹមត្រូវ និងរួចរាល់នូវប្លង់មេវត្តនៅតាមគ្រប់វត្តអារាម និងត្រូវកាត់បន្ថយឱ្យបានជាអតិបរមានូវការសាងសង់ចេតិយ ផ្នូរ ម៉ុង ជាលក្ខណៈឯកជន ដោយជំនួសមកវិញជាការសាងសង់សមុហចេតិយ ដើម្បីរក្សាសណ្តាប់ធ្លាប់ របៀបរៀបរយ ។
ទី៥.  រាជរដ្ឋាភិបាលលើកកម្ពស់សេរីភាពជំនឿសាសនា ហើយជឿជាក់ថា «ភាពខុសគ្នានៃជាតិសាសន៍ និងជំនឿសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ» ផ្ទុយទៅវិញ សុខដុមនីយកម្មសាសនានឹងបង្កើតឱ្យមានសហថាមពលដែលលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចតំបន់ និងសកល ៕