ម៉ាឡេស៊ីស្វាគមន៍គូស្នេហ៍ថ្មីថ្មោងរបស់សត្វខ្លាឃ្មុំយក្ស Panda ពីប្រទេសចិនដែលមានឈ្មោះថា «Chen Xing» និង «Xiao Yue» មានអាយុ២៥ឆ្នាំដូចគ្នា

ប្រទេសម៉ាឡេស៊ីបានស្វាគមន៍នូវការមកដល់របស់ខ្លាឃ្មុំផេនដាយក្សជាគូស្នេហ៍ថ្មីថ្មោងមួយគូដែលមានឈ្មោះថា “Chen Xing” និង “Xiao Yue” ដោយគូនេះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរកាលពីយប់ថ្ងៃអង្គារនេះ។ យន្តហោះដែលដឹកបញ្ជូនខ្លាឃ្មុំផេនដាទាំង២ត្រូវបានបាញ់កាំភ្លើងទឹកស្វាគមន៍បន្ទាប់ពីចុះចតនៅលើផ្លូវរត់អាកាសយានដ្ឋានយ៉ាងរីករាយ ដោយពួកវាទាំងពីរបានចាប់កំណើតក្នុងឆ្នាំ២០២០ (ដោយគិតមកដល់ពេលនេះមានអាយុ២៥ឆ្នាំហើយ)។ ខ្លាឃ្មុំផេនដាឈ្មោលគឺឈ្មោះ “Chen Xing” ត្រូវបានគេពិពណ៌នាថាវាមានសុខភាពរឹងមាំ និងរួសរាយរាក់ទាក់ ខណៈដែលខ្លាឃ្មុំផេនដាញីគឺ “Xiao Yue” មានរូបរាងមូលស្អាត និងស្លូតបូតគួរឲ្យស្រលាញ់ជាងអាឈ្មោល។ អ្នកតំណាងប្រទេសទាំងពីរចិន ម៉ាឡេស៊ី បានប្រមូលផ្តុំគ្នា និង ចាំទទួលស្វាគមន៍សត្វខ្លាឃ្មុំយក្សគូស្នេហ៍នេះនៅអាកាសយានដ្ឋាន។ ទន្ទឹមនឹងពេលនោះដែរក៏មានអ្នកគាំទ្រក្នុងស្រុកយ៉ាងច្រើនកុះករឈរចាំចម្ងាយជាង ៦០ គីឡូម៉ែត្រ បានមកប្រមូលផ្តុំគ្នានៅមុខសួនសត្វ Negara ដែលជាសួនសត្វជាតិរបស់ប្រទេសម៉ាឡេស៊ី។ អ្នកឈរចាំទទួលស្វាគមន៍ខ្លាឃ្មុំម្នាក់បាននិយាយថា៖ ខ្ញុំពិតជារំភើបណាស់ ខ្ញុំមិនរៀបរាប់យ៉ាងម៉េចទេ ព្រោះវាជាលើកទី១ដែលខ្ញុំបានឃើញពួកវាដោយផ្ទាល់ វាជាសត្វដែលស្អាត និង គួរឲ្យស្រលាញ់ខ្លាំងណាស់។ ក្រោយពេលចុះចតដល់តាំងទីលំនៅដ្ឋានថ្មីនៅសួនសត្វ ពួកវានឹងត្រូវឆ្លងកាត់រយៈពេលធ្វើចត្តាឡីស័កមុនពេលគេយកពួកវាបង្ហាញដល់សាធារណជនម៉ាឡេស៊ីដែរ។ កិច្ចសហប្រតិបត្តិការចិន-ម៉ាឡេស៊ីលើការអភិរក្សសត្វខ្លាឃ្មុំផេនដាយក្សបានចាប់ផ្តើមនៅឆ្នាំ ២០១៤ នៅពេលដែលគូស្នេហ៍ខ្លាឃ្មុំផេនដាដែលមានឈ្មោះ “Fu Wa” និង “Feng Yi” ត្រូវបញ្ជូនមកឲ្យប្រទេសម៉ាឡេស៊ីដែរ ដើម្បីអបអរសាទរខួបលើកទី៤០នៃទំនាក់ទំនងការទូតចិន-ម៉ាឡេស៊ី។ ពួកវារស់នៅក្នុងប្រទេសម៉ាឡេស៊ីរយៈពេល ១១ ឆ្នាំ ដោយអំឡុងពេលនោះពួកវាបានសម្រាលកូនបីក្បាល មុនពេលត្រឡប់ទៅកាន់ប្រទេសចិនវិញនៅខែឧសភាឆ្នាំនេះ។ ដូច្នេះដើម្បីរំលឹកខួបលើកទី៥០ឆ្នាំនៃចំណងការទូត និងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅឆ្នាំ ២០២៤ ដោយប្រទេសទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងរបស់ពួកគេដើម្បីបន្តការស្រាវជ្រាវសហប្រតិបត្តិការលើការអភិរក្សខ្លាឃ្មុំផេនដាយក្សបន្តទៀត ដោយបង្ហាញពីក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពបន្ថែមទៀតនៅក្នុងវិស័យមួយនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ