កម្ពុជា-ចិន ប្តេជ្ញាជំរុញលើកកម្ពស់ការដឹកជញ្ជូនបៃតងក្នុងប្រទេសកម្ពុជា

ថ្លែងក្នុងពិធីប្រគល់ និងទទួលអំណោយជាយានជំនិះអគ្គិសនី នៅរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់តំណាងក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន CAMBODIAN LIGHTNING RIDING ដែលបានប្តេជ្ញាចិត្ត បោះទុនវិនិយោគលើកកម្ពស់ការដឹកជញ្ជូនបៃតងនៅកម្ពុជា ពិសេសផ្តល់ជម្រើសដឹកជញ្ជូនដែលសន្សំសំចៃ និងមិត្តភាពបរិស្ថាន ក៏ដូចជារួមបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាព ទៅក្នុងផ្នែកដឹកជញ្ជូនពាណិជ្ជកម្ម និងការធ្វើដំណើរ នៅក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិនិយោគិនចិន ចូលរួមលើកកម្ពស់ការកែលម្អ និងការអភិវឌ្ឍប្រព័ន្ធអេកូដឹកជញ្ជូនបៃតងនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយតម្រូវការដឹកជញ្ជូនពណ៌បៃតងកាន់តែមានភាពបន្ទាន់។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា យានជំនិះអគ្គិសនីទាំងនេះ នឹងក្លាយជា “តំណបៃតង” ដែលជួយសម្រួល ដល់ការរស់នៅរបស់ប្រជាជនទូទាំងប្រទេស។

ឱកាសនោះដែរ លោក Danny Zhou (អានថា ដេននី ចូវ) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន CAMBODIAN LIGHTNING RIDING CO.,LTD បានថ្លែងថា ក្រសួងពាណិជ្ជកម្មតែងតែជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាដៃគូដ៏ស៊ីជម្រៅរបស់ក្រុមហ៊ុនលោក។
លោក Danny Zhou គូសបញ្ជាក់ថា យានជំនិះអគ្គិសនីដែលប្រគល់ជូនក្រសួងពាណិជ្ជកម្មនាពេលនេះ សុទ្ធតែបានឆ្លងកាត់ការសាកល្បងយ៉ាងម៉ត់ចត់ និងសម្របតាមមូលដ្ឋានីយកម្ម ពិសសមានភាពងាយស្រួលធ្វើប្រតិបត្តិការ និងសុវត្ថិភាពខ្ពស់ ព្រមទាំងជាជម្រើសដឹកជញ្ជូនដែលសន្សំសំចៃ និងមិត្តភាពបរិស្ថាន។
អ្នកគ្រប់គ្រងទូទៅរូបនេះ បានលើកឡើងទៀតថា ក្រុមហ៊ុនលោកជឿជាក់យ៉ាងមុតមាំថា ក្រោមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម យានជំនិះអគ្គិសនីទាំងនេះ នឹងក្លាយជា “តំណបៃតង” ដែលជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនទូទៅ ហើយ Lightning Ride ប្តេជ្ញាថានឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃ “ការច្នៃប្រឌិត ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” បន្តរួមចំណែក ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាំងនៅប្រទេសកម្ពុជា និងក្នុងតំបន់៕