ឯកឧត្តម រស់ វណ្ណា អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមកិច្ចប្រជុំស្ដីពី “ភាពជាដៃគូក្នុងការគ្រប់គ្រងសំណល់ទឹកកខ្វក់នៅអាស៊ី
នារសៀលថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមកិច្ចប្រជុំស្ដីពី “ភាពជាដៃគូក្នុងការគ្រប់គ្រងសំណល់ទឹកកខ្វក់នៅអាស៊ី (AWaP) លើកទី៤ ( The 4th General Meeting of ASIA Wastewater Management Partnership (AWaP))” សហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍(MLIT) និងក្រសួងបរិស្ថានរបស់ប្រទេសជប៉ុន នៅសណ្ឋាគារ Raffles Hotel Le Royal។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក លោក-លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍(MLIT) របស់ប្រទេសជប៉ុននិងតំណាងប្រទេសជាសមាជិក AWap ចំនួន ០៤ ប្រទេស រួមមាន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសបង់ក្លាដែស។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាអំពីបញ្ហា និងការផ្ដល់នូវដំណោះស្រាយសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់ទឹកកខ្វក់ និងការចែករំលែកនូវបទពិសោធននៃការគ្រប់គ្រងសំណល់ទឹកកខ្វក់នៅក្នុងប្រទេសនីមួយៗជាសមាជិក AWaP ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងទឹកកខ្វក់ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។



