បើកការដ្ឋានស្ថាបនាជាផ្លូវកៅស៊ូ និងបេតុង ផ្លូវទៅតំបន់អេកូទេសចរណ៍ជីផាត គ្រោងចំណាយថវិកា ៥លានដុល្លារ
ខេត្តកោះកុង ៖ ផ្លូវទៅតំបន់អេកូទេសចរណ៍ជីផាតក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវកៅស៊ូនិងបេតុង ដែលគ្រោងចំណាយថវិកាប្រមាណ ៥ លានដុល្លារ ក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ និងបេតុងទៅជីផាតដែលជាតំបន់អេកូធម្មជាតិដ៏ល្បីមួយនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានធ្វើឡើងកាលពីថ្ងៃ ១៨ ខែវិច្ឆិកា ក្រោមវត្តមាន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានថ្លែងថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា អនុវត្តដោយក្រសួងចំនួន ០២ គឺក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន មានរយៈពេលអនុវត្ត ៨ ឆ្នាំ (ឆ្នាំ២០១៩ -២០២៧) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោក។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំលេចពីការសាងសង់ផ្លូវទាំងពីរខ្សែនេះ ប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការអបអរសារទរចំពោះប្រជាជនក្នុងមូលដ្ឋានចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរចូលក្នុងតំបន់អេកូទេសចរណ៍ជីផាត។
ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំងពីរខ្សែប្រវែងសរុប ៣២,១០គ.ម នេះ មានតម្លៃប្រមាណជាង ៥ លានដុល្លារដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១ ៣៩៣ គ្រួសារ ស្មើនឹង ៦ ១៤៥នាក់ រស់នៅក្នុងឃុំចំនួន ៤ គឺ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និងឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង៕



