គណៈកម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល ការងារសម្រេចបាន ១០០%ចំនួន០២គម្រោង ផែនការឆ្នាំ២០២៥
មណ្ឌលគិរី ៖ គណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរិញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ អមដំណើរដោយលោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងមន្រ្តីក្រោមឱវាទ នាថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល ការងារសម្រេចបាន១០០%ចំនួន០២គម្រោង ផែនការឆ្នាំ២០២៥ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ស្របពេលដែលរដូវប្រមូលផលផលដំណាំនានា ងាយស្រួលដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ បានឲ្យដឹងថា ការចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល ការងារសម្រេចបាន១០០% ចំនួន ០២គម្រោង ផែនការឆ្នាំ២០២៥ នាពេលនេះ សំដៅធ្វើយ៉ាងណាឲ្យគម្រោងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ចីរភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ឯកឧត្តម បញ្ជាក់ថា ការជួសជុលផ្លូវ និងការថែទាំផ្លូវជាប្រចាំនាពេលនេះ គឺជាខ្សែផ្លូវសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋដឹកផលិតផលនានា ទៅកាន់ទីផ្សារ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សា ការេពារ និងថែទាំនូវសមិទ្ធផលទាំងនេះ ទុកប្រើប្រាស់ឲ្យបានយូរអង្វែង។
លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការងារសម្រេចបាន១០០% ចំនួន ០២គម្រោង ផែនការឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ រួមមាន ៖ ១.គម្រោងជួសជុលផ្លូវថែទាំខួប ចំនួន ០១ខ្សែប្រវែង ១០ ៥០០ម៉ែត្រ និងសាងសង់លូមូលចំនួន ០៤កន្លែង ស្ថិតនៅឃុំពូជ្រៃ និងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (គម្រោងលេខDRR-RM-2025-No.027) ២.គម្រោងជួសជុលផ្លូវថែទាំប្រចាំ (ចាក់បំពេញគ្រលុកសំបុកមាន់ និងដានយានយន្ត….) មានចំនួន០៧ខ្សែ ប្រវែងសរុប៩៥ ២០០ម៉ែត្រ ក្នុងនោះ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន០១ខ្សែ ប្រវែង៣ ៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និងផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ៦ខ្សែ ប្រវែងសរុប ៩១ ៧០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និង ៧ម៉ែត្រ ស្ថិតក្នុងឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំរយ៉ ស្រុកកោះញែក,ឃុំពូជ្រៃ ស្រុកពេជ្រាដា, ឃុំមេម៉ង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា និងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕



