ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះកិច្ចព្រមព្រៀង ជាមួយដៃគូសហការចំនួន ១៥អង្គការ លើគម្រោងជួយជនរងគ្រោះ និងងាយរងគ្រោះ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៥ ដែលមាន ថវិកាសរុប ៧,៧៥៦,៧១៤ ដុល្លារអាម៉េរិក (ជាង៧លានដុល្លាអាម៉េរិច) ដែលអនុវត្តគម្រោង និងចំណាយដោយផ្ទាល់ដោយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចុះកិច្ចព្រមព្រៀងជាមួយដៃគូសហការចំនួន១៥អង្គការ ជួយជនរងគ្រោះ និងងាយរងគ្រោះនាឱកាសនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការី នាទីស្តីការក្រសួង ស.អ.យ ។
គម្រោងទាំងនេះអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពត ខេត្តស្វាយរៀង ដល់ក្រុមគោលដៅជាជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ចាស់ជរា ជនក្រីក្រ និងជនមានពិការភាព។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់អង្គការ ដែលមានកិច្ចសហការជាមួយក្រសួងក្នុងការ អនុវត្តសកម្មភាព ជួយដល់ក្រុមគោលដៅក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា និងស្នើសុំដល់សមាគម និងអង្គការ មិនមែន រដ្ឋាភិបាលបន្ត និងផ្តល់អត្ថប្រយោជន៍អោយចំក្រុមគោលដៅ។
ឯកឧត្តមបណ្ឌិត បានផ្តល់ជាមតិ និងអនុសាសន៍ដល់មន្ត្រីក្រសួង និងអង្គការ ដោយស្នើសុំ ឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រើសរើសបុគ្គលិកជាជនមានពិការភាព ដើម្បីចូលរួមបម្រើការងារ ទៅតាមលទ្ធភាព និងជួយផ្សព្វផ្សាយដល់កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រមានបណ្ណសមធម៌ ក្រោយពេលធ្វើ សមាហរណកម្មទៅក្នុងសហគមន៍ អាចទាក់ទងទៅខាងឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភជាដើម ៕



