ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បើក «យុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន»នៅខេត្តស្វាយរៀង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន ដោយម្នាក់ៗមិនពាក់ព័ន្ធនឹងគ្រឿងញៀន

( ស្វាយរៀង )៖ «យុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន»រៀបចំដោយក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីរួមខេត្តស្វាយរៀង ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការ

តំណាង ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០នាក់។

ឯកឧត្តម ឡុង សេង បានជម្រាបជូនថា យុទ្ធនាការនេះធ្វើឡើង ក្នុងន័យបន្តជំរុញស្មារតី និងចលនាជាតិតែមួយដើម្បីចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានសកម្មគ្រប់មជ្ឈដ្ឋាន អំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដោយម្នាក់ៗមិនពាក់ព័ន្ធនឹងគ្រឿងញៀន។ ឯកឧត្តម បានថ្លែងបញ្ជាក់ថា សភាពការណ៍គ្រឿងញៀនទាំងតំបន់ និងសកលលោក នៅតែបន្តវិវត្តន៍ប្រែប្រួលគួរឱ្យព្រួយបារម្ភ ហើយកម្ពុជាបានទទួលរងឥទ្ធិផលពីការវិវត្តន៍នេះ ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន,សារាចរណែនាំ និងបទបញ្ជាផ្សេងៗសំដៅដល់ការធ្វើយ៉ាងណារួមគ្នាជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មានគ្រឿង។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារផ្សព្វផ្សាយអប់រំជាកិច្ចការអាទិភាព និងត្រូវបានចាត់ទុកថាជាយន្តការដ៏មានប្រសិទ្ធក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកន្លងមកមានស្ថានីយ៍ទូរទស្សន៍ វិទ្យុ សិល្បករ-សិល្បការិនី ពិធីករ-ពិធីការិនី អ្នកផលិតមាតិកា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជ្រាបនូវការយល់ដឹងអំពីបញ្ហាគ្រឿងញៀន ទៅកាន់គ្រប់មជ្ឈដ្ឋាន។ នៅក្នុងឱកាសនលះដែរ ឯកឧត្តម គណៈអធិបតី បានរំលឹកឡើងវិញ និងលើកទឹកចិត្តដល់សាធារណជនទូទៅ ប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ ឬហៅថា APP ដែលមានឈ្មោះថា NO DRUGS  ដើម្បីរួមគ្នាពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺពួកគាត់អាចទទួលបានព័ត៌មាន ទទួលបានការអប់រំ ទទួលបានការកម្សាន្តសប្បាយ ហើយជាមួយគ្នានោះ ក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះបងប្អូនដែលមានកូនចៅ ឬញាត្តិមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។ ម្យ៉ាងទៀត អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិ កុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោទឱ្យទៅប្រើប្រាស់គ្រឿងញៀន។ ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់ ១០០%៕