(ខេត្តព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារស្រុកព្រៃនប់ដឹកនាំដោយបណ្ឌិត អ៊ី ធារិន បានជួបប្រជាសហគមន៍នេសាទជម្ពូខ្មៅ ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug ដើម្បីរួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។
បណ្ឌិត អ៊ី ធារិន បានជម្រាបជូនប្រជាសហគមន៍នេសាទជម្ពូខ្មៅលើការងារមួយចំនួនដើម្បីលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវកោតសសើរ និងបានលើកយកបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរដល់អ្នកចូលរួមជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់សមាជិកប្រជាសហគមន៍ ក្រុមគ្រួសារ រួមគ្នាកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។
គ្រួសារសហគមន៍ទេសចរណ៍ជម្ពូខ្មៅសម្ដែងនូវការសប្បាយរីករាយដោយទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសអត្ថប្រយោជន៍នៃ App NoDrug ហើយពួកគាត់នឹងផ្សព្វផ្សាយពីការយល់ដឹងនេះបន្តដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឱ្យរីករាលដាលនៅក្នុងសហគមន៍របស់ពួកគាត់។



