ក្រុមអ្នកជំនាញកែសម្ភស្ស សហការគ្នា ពង្រឹងវិស័យកែសម្ភស្សក្នុងប្រទេស ឲ្យកាន់តែទំនើប សុវត្ថិភាព និងមានទំនុកចិត្ដ ស្របតាមស្ដង់ដារអន្តរជាត អាចដើរទាន់ប្រទេសនៅជុំវិញខ្លួន
លោកវេជ្ជបណ្ឌិត គឹម សុដារ៉ា អគ្គនាយកក្រុមហ៊ុន KD Capital ថ្លែងក្នុងពិធីចុះអនុសារណៈយោគយល់គ្នារវាង ក្រុមហ៊ុន KD Capital Co., Ltd និងដៃគូសហការជាមួយ ក្រុមហ៊ុនធំៗ ដូចជា សមាគមសោភ័ណសល្យសាស្ត្រកម្ពុជា, ក្រុមហ៊ុន The Grow TLP , ក្រុមហ៊ុន Chesda Lasermed, ក្រុមហ៊ុន Aesthetic Training Center (Ultra V), ClinicDermester Cambodia, Clinic SC Esthetic Centre និង The K Clinic ដោយបញ្ជាក់ថា ដោយមើលឃើញពីទីផ្សារកែសម្ភស្សនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះដែរ បញ្ហាការផ្តល់សេវាជូនអតិថិនជនឲ្យបានគ្រប់គ្រាន់បន្ថែម យើងមានទស្សនៈវិស័យធ្វើយ៉ាងណា ដើម្បីផ្តល់សេវាកម្មផ្នែកកែសម្ផស្សនេះ ឲ្យមានទំនុកចិត្ត និងមានសុវត្ថិភាព ពិសេសកាន់តែទំនើប ស្របតាមស្ដង់ដារអន្តរជាត ជូនដល់ពួកគាត់។
ពិធីចុះអនុសារណៈយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺផ្តោតទៅលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់គ្រូពេទ្យ ការផ្គត់ផ្គង់ផលិតផលក្នុងស្រុក សម្ភារៈ ឧបករណ៍ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្ដល់នូវសេវាកម្មឱ្យបានល្អ មានគុណភាព សុវត្ថិភាព និងមានស្ដង់ដារអន្ដរជាតិ ដើម្បីផ្ដល់នូវទំនុកចិត្ដដល់ប្រជាជនកម្ពុជាឱ្យងាកមកព្យាបាល និងវះកាត់កែសម្ផស្សនៅក្នុងស្រុកវិញ។ ចំពោះទីផ្សារផ្នែកកែសម្ផស្សនៅក្នុងប្រទេសកម្ពុជាមានទំហំធំ មិនតូចនោះទេ ព្រោះយើងនៅមិនទាន់មានលទ្ធភាពផ្ដល់សេវាកម្មជូនអតិថិជនគ្រប់គ្រាន់នៅឡើយសម្រាប់ទីផ្សារក្នុងស្រុក ។ ក្រុមហ៊ុនក៏មានទស្សនៈវិស័យផ្ដល់សេវាកម្មឱ្យបានដល់ប្រជាជនកម្ពុជា និងមានសុវត្ថិភាព គុណភាព និងស្ដង់ដារជូនពួកគាត់ថែមទៀត។
លោកវេជ្ជបណ្ឌិត បញ្ជាក់ដែរថា ក្រុមហ៊ុនមានចក្ខុវិស័យ គឺផ្តោតទៅលើក្រសួងសុខាភិបាល និងផ្នែកកែសម្ភស្សនៅកម្ពុជា ហើយក៏មានគម្រោងពង្រីកទៅដល់អាស៊ីអាគ្នេយ៍ផងដែរ ដូចជាប្រទេសឥណ្ឌូនេស៊ី មាឡេស៊ី និងសឹង្ហបុរី វៀតណាមជាដើម។
លោកសាស្ត្រាចារ្យ នូ សារុំ ប្រធានសមាគមសោភ័ណសល្យកម្ពុជា ឲ្យដឹងដែរថា ក្រុមអ្នកជំនាញផ្នែកកែសម្ភស្សដែលមានវត្តមានទាំងនេះ ត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ពិសេសក្រុមគ្រូពេទ្យមានបទពិសោធ បានសហការគ្នាយ៉ាងល្អលើកផ្នែកបច្ចេកទេសដែលអាចជួយផ្ដល់នូវទំនុកចិត្ត សេវាសុវត្ថិភាព ក៏ដូចជា ជួយសន្សំសំចៃអ្នកជំងឺកុំឲ្យយកលុយទៅចាយនៅក្រៅប្រទេសដែលមានចំនួនច្រើន។ ក្នុងនាមជាអ្នកដឹកនាំ ទៅលើការងារបច្ចេកទេសនិងការបណ្តុះបណ្តាលរបស់សមាគម នឹងប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនលើបច្ចេកវិទ្យាផ្នែកកែសម្ផស្សនេះ ឲ្យមានទំនុកចិត្តសុវត្ថិភាព ទទួលស្គាល់ពីអតិថិជន ក្រសួងសុខាភិបាល ប្រទេសជាតិ និងស្ថាប័នផ្សេងៗ។
នៅថ្ងៃអនាគត សមាគមនឹងរួមគ្នា ជំរុញវិស័យធនធានមនុស្សឲ្យមានសមត្ថភាពកំរិតខ្ពស់ដូចប្រទេសជឿនលឿន ជាពិសេសលើសេវាផ្នែកកែសម្ផស្សនេះ ឲ្យមានសុវត្ថិភាព កាន់តែទំនើប បើប្រៀបធៀបទៅប្រទេសផ្សេងៗទៀត ឲ្យគេទទួលស្គាល់ថា យើងអាចដើរទាន់គេបាន។



