ទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល-ហាម៉ាស ចូលជាធរមាន ជាង១ខែក្តី! ប៉ុន្តែចំនួនមនុស្សស្លាប់ថ្មីនៅតែកើនឡើង រហូតដល់២៦៦នាក់ហើយ
ចំនួនមនុស្សស្លាប់ថ្មីនៅតំបន់ហ្គាហ្សាបានកើនឡើងដល់ ២៦៦ នាក់ហើយ ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសចូលជាធរមានកាលពីថ្ងៃទី១០ខែតុលា នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យម្សិលមិញ។ ក្នុងរយៈពេល ៧២ ម៉ោងកន្លងមកនេះ សពមនុស្សចំនួន១៧នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យនៅតំបន់ហ្គាហ្សា រួមទាំងសពមនុស្សស្លាប់ថ្មី២នាក់បន្ថែមទៀត ព្រមទាំងសពចំនួន១៥នាក់ដែលបានរកឃើញពីគំនរបាក់បែក ដោយមានជនរងគ្រោះជាច្រើននាក់នៅតែជាប់នៅខាងក្រោមកម្ទេចកម្ទីបាក់បែក ឬនៅតាមដងផ្លូវដែលស្ថិតនៅក្នុងស្ថានភាពជួយសង្គ្រោះដ៏លំបាក នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា។ របាយការណ៍បានបន្ថែមថា៖ មានមនុស្សរងរបួសចំនួន៣នាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នករងរបួសកើនឡើងដល់៦៣៥នាក់។ ចំនួនមនុស្សស្លាប់សរុបពីសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានកើនឡើងដល់ ៦៩.៤៨៣នាក់ និងចំនួន១៧០.៧០៦នាក់ផ្សេងទៀតរងរបួសចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាសជុំចុងក្រោយបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ចន្លោះពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែកក្កដា អ៊ីស្រាអែលបានប្រគល់សពជនជាតិប៉ាឡេស្ទីនចំនួន ១៥នាក់ទៅតំបន់ហ្គាហ្សា ដែលធ្វើឱ្យចំនួនសរុបនៃសពជនជាតិប៉ាឡេស្ទីនដែលបានប្រគល់មកវិញកើនដល់៣៣០ នាក់ហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



