ឯកឧត្តម កែ គឹមយ៉ាន ចុះជួបប្រជាភៀសសឹកនិងប្រកាសថ្កោលទោសទាហានថៃដែលបានបាញ់មកលើប្រជាពលរដ្ឋខ្មែរនិងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ប្រកាសបែបនេះក្នុងឱកាសលោក អមដោយក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកពីឃុំអូរបីជាន់ចំនួន៣៥១គ្រួសារ នៅវត្តចាន់ស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងដោយក្តីអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះពីការបាញ់ប្រហារពីសំណាក់ទាហានថៃ និងបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ដោយរំលោភបំពានលើ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាននិងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ 

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ បង្កើតស្មារតីជាតិនិយម ជឿជាក់លើរាជរដ្ឋាភិបាល និងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ពិសេសអាជ្ញាធរស្រុកអូរជ្រៅ ត្រូវបន្តធ្វើការក្តាប់សភាពការណ៍សន្តិសុខតាមព្រំដែនឲ្យបានជាប់ជាប្រចាំសហការរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត។ 

ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋទាំង៣៥១គ្រួសារ ដោយក្នុងមួយៗគ្រួសារទទួលបាន៖មី១កេស ក្រមា១ ទឹកបរិសុទ្ធ១យួរ សារុង១ និងថវិកា៥ម៉ឺនរៀល។