ឯកឧត្តមបណ្ឌិត ហុង គឹមជាង គាំទ្រចំពោះសន្និសីទ ស្ដីពី “ទស្សន វិស័យបច្ចុប្បន្ន និង អនាគតលើការស្រាវជ្រាវត្រីក្រពតទឹកសាប នៅកម្ពុជា”
កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សាកលវិទ្យាល័យក្រចេះ បានរៀបចំសន្និសីទ ស្ដីពី “ទស្សន វិស័យបច្ចុប្បន្ន និង អនាគតលើការស្រាវជ្រាវត្រីក្រពតទឹកសាប នៅកម្ពុជា” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និសីទនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីបង្ហាញលទ្ធផលនៃការស្រាវជ្រាវរួមគ្នា រវាង សាកលវិទ្យាល័យក្រចេះ និងសាកល- វិទ្យាល័យ Nagasaki ប្រទេសជប៉ុន។ ជាមួយគ្នានេះ ក៏ដើម្បីធ្វើការផ្សព្វផ្សាយនូវព័ត៌មាន ដែលពាក់ព័ន្ធនឹងផ្នែក សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងសុខមាលភាពប្រជាជន ជាពិសេសប្រជាជន ដែលរស់នៅតាមដង ទន្លេមេគង្គកម្ពុជា។ ការសិក្សាស្រាវជ្រាវទាំងនេះ ត្រូវបានធ្វើការបោះពុម្ពអត្ថបទស្រាវជ្រាវរួមគ្នា (រវាងសាកល- វិទ្យាល័យ Nagasaki ប្រទេសជប៉ុន និងសាកលវិទ្យាល័យក្រចេះ ប្រទេសកម្ពុជា) នៅក្នុងទស្សនាវត្តីអន្តរជាតិ ល្បីៗមួយចំនូនផងដែរ។ សន្និសីទនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ឯកឧត្តម ឯកគ្គរាជទូតនៃប្រទេសជប៉ុន, ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តមបណ្ទិត ងី ឡាយមិថុនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យក្រចេះ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សានានា និងសា្តស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យក្រចេះ ប្រមាណ ១០០ នាក់។
សូមគូសបញ្ជាក់ថា សាកលវិទ្យាល័យក្រចេះ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋថ្មីមួយ ដែលបានចាប់បដិសន្ធិនៅក្នុង ទឹកដីនៃក្រុងក្រចេះ ខេត្តក្រចេះ លើផ្ទៃដីប្រមាណ ៩៩.១ ហិចតា។ សាកលវិទ្យាល័យបានសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ជាមួយគ្នានោះ សាកលវិទ្យាវិទ្យាល័យក៏បានចាប់ទទួលបណ្តុះបណ្តាលនិស្សិតជំនាន់ទី១ លើ ២ កម្មវិធីសំខាន់ៗ រួមមាន ៖ ១. អភិវឌ្ឍកសិកម្ម និងសហគមន៍ និង ២. ពាណិជ្ជកម្ម និងសហគ្រិនភាព។ មកដល់បច្ចុប្បន្ននេះ សាកល- វិទ្យាល័យបាន និងកំពុងបណ្តុះបណ្តាលនិស្សិតបានចំនួន ៨ ជំនាន់ លើកម្មវិធីធំៗ ចំនួន ៤ រួមមាន ៖ ១. អភិវឌ្ឍកសិកម្ម និងសហគមន៍, ២. ពាណិជ្ជកម្ម និងសហគ្រិនភាព, ៣. ភាសាអង់គ្លេស, និង ៤. រដ្ឋបាល សាធារណៈ ព្រមទាំងបាន និងកំពុងបណ្តុះបណ្តាលថ្នាក់អប់រំបច្ចេកទេស (៩+៣) ចំនួន ៣ ជំនាន់ ផងដែរ លើជំនាញសំខាន់ៗ ចំនួន ២ គឺ ១. ជំនាញអភិវឌ្ឍកសិកម្ម និង២. ជំនាញកសិកម្មវៃឆ្លាត។ ជាលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងប្អូនៗសិស្សនិស្សិត ផងនោះ យើងទទួលលទ្ធផលជាផ្លែផ្កា ដូចជា ៖ និស្សិតដែលបានបញ្ចប់ការសិក្សា និងនិស្សិតដែលកំពុងសិក្សា បានប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ/សង្កាត់, ជាគ្រូបង្រៀងនៅតាមគ្រឹះស្ថានឧត្តមសិក្សា, ជាគ្រូបង្រៀននៅតាម គ្រឹះស្ថានមធ្យមសិក្សា និងបឋមសិក្សា, ជាគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពនានា, ជាកងកម្លាំងប្រដាប់អាវុធ, ជាមន្ត្រីនៅតាមក្រសួង ស្ថាប័នរដ្ឋ, ជាមន្ត្រីនៅតាមបណ្តាអង្គការក្រៅរដ្ឋាភិបាល, និងនៅតាមបណ្តាក្រុមហ៊ុន ឯកជនជាច្រើនផងដែរ។
ជាមួយគ្នានេះ ការដែលសាកលវិទ្យាល័យក្រចេះ ទទួលបានវឌ្ឍនភាពយ៉ាងឆាប់រហ័យ ក្នុងរយៈពេលដ៏ខ្លីនេះ ក៏ដោយសាកលវិទ្យាល័យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូ ទាំងថ្នាក់ជាតិ និងអន្តរជាតិ និងវិស័យឯកជន ផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យក្រចេះ បានចុះអនុស្សរណៈនៃការយោគល់គ្នា (MoU) ជាមួយបណ្តាសាកលវិទ្យាល័យនៅក្រៅប្រទេសជាច្រើន ក្នុងនោះក៏មានសាកលវិទ្យាល័យ Nagasaki ប្រទេស ជប៉ុន ផងដែរ ដែលយើងបានរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ ជាច្រើនកន្លងមក ជាពិសេសទាក់ទងនឹងការស្រាវ ជ្រាវ អំពី ត្រីក្រពតទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះហើយ ទើបយើងបានបង្កើតនូវសន្និសីទ នេះឡើង ដែលមានចូលរួមធ្វើបទបង្ហាញពីវាគ្មិន ជាសាស្ត្រាចារ្យ អញ្ជើញមកពីសាកលវិទ្យាល័យ Nagasaki នូវលទ្ធផលនៃការស្រាវជ្រាវរួមគ្នា របស់ពួកគាត់ជាមួយសាកលវិទ្យាល័យក្រចេះ។ សន្និសីទនេះ ក៏ធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការស្រាវជ្រាវ ក៏ដូចជា ដើម្បីអភិវឌ្ឍនូវសមត្ថភាពរបស់មន្ត្រី សាស្ត្រាចារ្យ និង និស្សិតរបស់សាកលវិទ្យាល័យក្រចេះ លើការស្រាវជ្រាវផងដែរ។



