លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ត្រូវបានប្រកាសឱ្យកាន់តំណែងជាអភិបាលខណ្ឌច្បារអំពៅ ខណៈលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅមកជាអភិបាលខណ្ឌសែនសុខវិញ។
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖អភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានានៃរាជធានីភ្នំពេញ ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងការផ្តល់សេវាឱ្យកាន់តែកៀកកិតជូនពលរដ្ឋជាដើម។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នៅសាលារាជធានីភ្នំពេញ ខណៈឯកឧត្តមនិងឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើជាអធិបតី។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខត្រូវបានប្រកាសឱ្យកាន់តំណែងជាអភិបាលខណ្ឌច្បារអំពៅ។ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅមកជាអភិបាលខណ្ឌសែនសុខវិញ។លោក ជា ពិសី ត្រវបានប្រកាសឱ្យកាន់ជាអភិបាលខណ្ឌទួលគោក សំរាប់អាណត្តិទី២។ ជាមួយគ្នានោះក៏បានប្រកាសឱ្យកាន់តំណែងជាអភិបាលរងខណ្ឌសំរាប់អាណត្តិទី២ ចំនួនពីររូប គឺលោកសយ ឬទ្ធី ជាអភិបាលរងខណ្ឌចំការមន លោក ពាន វាសនា ជាអភិបាលរងខណ្ឌ៧មករា។
លោក ជ ចាន់ស៊ាង ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌច្បារអំពៅ។ លោក ចាន់ បណ្ឌិត ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌដូនពេញ។ លោកស្រី ព្រុំ រដ្ឋា ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌឬស្សីកែវ។
លោក កៅ សារ៉ាវុធ ពីអភិបាលរងខណ្ឌជ្រោយចង្វារ ទៅជាអភិបាលរងខណ្ឌដូនពេញ។លោក ចាន់ គន្ថេត ពីអភិបាលរងខណ្ឌដូនពេញ ទៅជាអភិបាលរងខណ្ឌទួលគោក។លោកស្រី សួស សូលីដា ពីអភិបាលរង ខណ្ឌឫស្សីកែវ ទៅជាអភិបាលរងខណ្ឌសែនសុខ។
លោក ហ៊ត គឹមនី ពីអភិបាលរងខណ្ឌ
ច្បារអំពៅ ទៅជាអភិបាលរងខណ្ឌដង្កោ។ ប្រកាសតែងតាំងអភិបាលរងខណ្ឌថ្មីចំនួន២នាក់លោកស្រី សុង សុភា ជាអភិបាលរងខណ្ឌទួលគោកនិងលោកកេត រតនា ជាអភិបាលរងខណ្ឌជ្រោយចង្វារ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ក្នុងរយៈពេល១៧ឆ្នាំកន្លងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ដារ អភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវភាពជោគជ័យជាច្រើន។ឯកឧត្តមបានបន្តថា៖ សម្រាប់ការប្រកាសចូលកាន់តំណែងនិងផ្ទេរភាពកិច្ចនៅថ្ងៃនេះ គឺជារឿងធម្មតាសម្រាប់មន្ត្រីរាជការ ស៊ីវិលដែលតែងតែត្រូវបានផ្លាស់ប្ដូរមុខតំណែង។ ជាក់ស្ដែងនៅពេលនេះ យើងបានប្រកាសតែងតាំងផ្ទេរភារកិច្ចអភិបាលខណ្ឌចំនួន២រូប អភិបាលរងខណ្ឌជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌ អភិបាលរងខណ្ឌដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មីនេះត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឲ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាត ដដែលទៀតនោះទេ។
អភិបាលនិងអភិបាលរងខណ្ឌទាំងអស់ត្រូវរក្សាឱ្យបានល្អប្រសើរនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ចំណែកការរក្សាអនាម័យ បរិស្ថាន ក្នុងនាមអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឲ្យតាមដានការអនុវត្ត ការដឹកជញ្ជូន ការប្រមូលសំរាមឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ពិសេស កុំឲ្យមានសំរាមនៅតាមប្រឡាយនិងតាមប្រព័ន្ធលូបង្ហូរទឹក។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ក្នុងនាមជាគណបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ត្រូវការពារសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អ១០០ភាគតយ ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការគៀងគរភ្ញៀវជាតិអន្តរជាតិឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់លប់បំបាត់ឲ្យបាននូវការជក់បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋាន ។
ក្នុងឱកាសនោះ លោក ចេង មុន្នីរ៉ា ដែលត្រូវបានប្រកាសផ្ទេរឱ្យមកកាន់មុខតំណែងជាអភិបាលខណ្ឌសែនសុខបានប្តេជ្ញាចិត្តថា៖ ដើម្បីជាសាក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារឱ្យបានម៉ឹងម៉ាត់បំផុត។ប្តេជ្ញាការពារដាច់ខាត រដ្ឋាភិបាលស្របច្បាប់ដឹកដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្រឆាំងដាច់ខាតក្រុមជ្រុលនិយមនិងថ្កោលទោសទាហានថៃដែលបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ។ទំនុកបំរុងសមូរភូមិមុខនិងការពង្រឹកការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕



