ពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបភាព ក្នុងពិធីបើក វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬ CAFE 25 ត្រូវបានផ្តួចផ្តើមឡើង ដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ផ្សារភ្ជាប់ ខ្សែច្រវ៉ាក់តម្លៃ ទៅនឹងផលិតផលកសិកម្មសំខាន់ៗរបស់ខ្មែរ ទាក់ទាញអ្នកវិនិយោគ និងអ្នកកំពូលពាណិជ្ជកម្ម ដើម្បីជំរុញគំនិតច្នៃប្រឌិត វិស័យស្បៀងអាហារនៅកម្ពុជាប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ប្រកបដោយចីរភាព និងភាពធន់។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី បានកោតសសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗឲនេះ បានបង្កើនល្បឿនវិស័យកសិកម្មសម្រេចបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ស្របតាមយុទ្ធសាស្រ្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា គោលនយោបាយសំខាន់ៗបន្ថែមទៀត ដើម្បីបង្កើនការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ព្រមទាំងវិស័យកសិកម្មផងដែរ ដែលប្រកបដោយបរិយាបន្ន និងភាពធន់ មានដូចតទៅ:
១. ការពង្រីកលទ្ធភាពទទួលបានគម្រោងឥណទាន កម្ចីស្រមស្រប រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារអភិវឌ្ឍន៍ធុនតូចនិងមធ្យមកម្ពុជា និងសារជីវកម្មធានាឥណនាកម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយធនាគារក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសហគមន៍កសិកម្មទំនើប។
២.ការជម្រុញ និងលើកកម្ពស់សហគ្រិនភាព ការចាប់បច្ចេកវិទ្យាសម័យឌីជីថល តាមរយៈបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរៈកិច្ចថ្មី តជោ និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់នគរូបនីយកម្ម។
៣.ការជម្រុញស្តង់ដារជាតិ និងការពង្រឹងការអភិវឌ្ឍន៍ និងប្រតិបត្តិការតាមស្តង់ដារ ធានាបានភាពធន់ក្នុងការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ។
៤.ការបើកការចរចារបន្ថែមជាមួយប្រទេសជាដៃគូរ និងការសម្រួលពាណិជ្ជកម្ម ក្នុងការជម្រុញការនាំចេញផលិតផលកម្ពុជា ឱ្យបានកាន់តែច្រើន។
៥.ការកែទម្រង់វិស័យឯកជន និងដៃគូចម្រុះ ក្នុងការពង្រឹងសមត្ថភាពកម្រិតស្តង់ដារ ធានាបានបរិមាណ និងគុណភាព និងគាំទ្រខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា។
៦.ការដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តភូមិភាគឦសាន ឱ្យផ្តោតលើ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ កម្មវិធីនេះពិសេសេនេះ មានគោលដៅជម្រុញការអភិវឌ្ឍន៍ និងកាន់តែសកម្ម បង្កើនជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងអាជីវកម្មកាន់តែច្រើនឡើងនៅតាមតំបន់ព្រំដែន។
៧.ការកែលំអបរិយាកាសធុរកិច្ច តាមរយៈការដាក់ចេញជាបន្តបន្ទាប់ នូវវិធានការកែទម្រង់អាកាសធាតុ ជាពិសេសការកាត់បន្ថយការចំណាយដើមទុន របស់វិនិយោគិន និងវិស័យឯកជន។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាសុីននៃកំណើន និងដៃគូសំខាន់បំផុត ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការលើកកម្ពស់គុណភាព និងសុវត្ថិភាព ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារតំបន់ និងសកលលោក តាមរយៈអភិវឌ្ឍន៍កសិកម្មល្អ ប្រកបដោយគុណភាព និងបរិយាបន្ន។
សូមបញ្ជាក់បន្ថែមថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬ CAFE 25 បានបង្កើតវេទិកាពិភាក្សាកំរិតខ្ពស់ស្តីពី :
-ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ: កាលានុវត្តភាពសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។
-ការប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏គួរឱ្យទាក់ទាញបំផុតក្នុងតំបន់ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកសិកម្ម។
-បញ្ហាប្រឈម និងភាពជោគជ័យ : បទពិសោធន៍របស់អ្នកវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬ CAFE 25 បានប្រពឹត្តិទៅ ចាប់ពីថ្ងៃទី 13-16 ខែវិច្ឆិកា ឆ្នាំ2025 នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការតាំងបង្ហាញពី កសិផល ផលិតផល របស់កម្ពុជា តាមរយៈនេះ វិស័យឯកជន ក្នុងនិងក្រៅប្រទេស ជាពិសេសវិនិយោគិន មានឱកាសស្វែងយល់ កាលានុវត្តភាព នៃការវិនិយោគវិស័យកសិកម្ម កសិពាណិជ្ជកម្ម និងកសិស្បៀងអាហាររបស់កម្ពុជា៕



