ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី សាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបប្រមាណ ៣,៣៥២ អង្គ/នាក់ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និបាត ភីអេច ហ្រ្គេនហល (PH GRAND HALL)បុរីប៉េងហួតបឹងស្នោរ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នាឱកាសនេះ ឯកឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានមានប្រសាសន៍ជម្រាបជូនថា នៅថ្ងៃនេះ និស្សិតជ័យលាភីសរុប ៣,៣៥២ អង្គ/នាក់ ស្ត្រី ២,១៦២នាក់ (ស្មើនឹង ៦៥%) ក្នុងនោះនិស្សិតសញ្ញាបត្រកម្រិតបណ្ឌិតចំនួន ៦នាក់ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៥៨ អង្គ/នាក់ ស្ត្រីចំនួន ៥៨ នាក់ (ស្មើនឹង ៣៧%) បរិញ្ញាបត្រចំនួន ២,១៤៧ អង្គ/នាក់ ស្ត្រីចំនួន ១៤៨២ នាក់ (ស្មើនឹង ៦៩%) និងបរិញ្ញាបត្ររងចំនួន ១០៤១ អង្គ/នាក់ ស្ត្រីចំនួន ៦២២ នាក់ (ស្មើនឹង ៦០%) បានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំ២០២៣-២០២៤ កន្លងមកនេះ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រៅពីការផ្តល់ជូនអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ តាមរយៈប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានានោះ សាកលវិទ្យាល័យវេស្ទើន បានបង្កើតឱ្យមានកម្មវិធីប្រាក់កម្ចីសិក្សា សម្រាប់និស្សិតក្រីក្រ ដើម្បីបង្កើនលទ្ធភាពសិក្សាថ្នាក់បរិញ្ញាបត្រ ។ ទាក់ទងទៅនឹងនិស្សិតជ័យលាភីនេះ បើយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមការងារធានាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភីដែលត្រូវទទួលបានសញ្ញាបត្រ នាពេលបន្តិចទៀតនេះ អ្នកដែលមានការងារធ្វើចំនួន ៩៣.២% ក្រោយពីបញ្ចប់ការសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹង ប្រែងរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ដាច់ខាត ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការបង្កើតធនធានមនុស្ស ដើម្បីរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់ល្អប្រសើរថែមទៀតឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាតិ ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវេស្ទើន ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យា ការសិក្សាកែលម្អកម្មវិធី និងយុទ្ធសាស្រ្តបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យលើការស្រាវជ្រាវ និងការបង្រៀន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរជាតិ និងអន្តរជាតិនានា សំដៅឆ្លើយតបនឹងការកើនឡើងទាំងបរិមាណ និងគុណភាពរបស់និស្សិតលើមុខជំនាញជាច្រើនប្រកបដោយជំនាញបច្ចេកទេស និងជំនាញទន់ច្បាស់លាស់ ជាពិសេសផ្តល់លក្ខណៈគ្រប់គ្រាន់ដល់និស្សិត សម្រាប់ប្រកួតប្រជែងក្នុង ទីផ្សារការងារ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានផ្តោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ដូចនេះ សាកលវិទ្យាល័យទាំងអស់ត្រូវមានលក្ខណៈសម្បត្តិសមស្រប និងសមត្ថភាពកម្រិតខ្ពស់ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ការផ្តល់ឱ្យការអប់រំចំណេះដឹងទូលំទូលាយផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យានវានុវត្តន៍ ឌីជីថល បរិវត្តកម្មឌីជីថល និងបរិវត្តកម្មបញ្ញាសិប្បនិម្មិត ដែលជាថ្នាលថ្មីសម្រាប់បំពេញការងារប្រចាំថ្ងៃស្របតាមរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព ៕



