ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំវេទិកាពិភាក្សារវាងអ្នកជំនួញ ឥណ្ឌា និងកម្ពុជា ក្នុងវិស័យឱសថ និងសុខាភិបាល 

ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រួមជាមួយសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា (IBCC) បានរៀបចំព្រឹត្តិការណ៍ជួបជុំ និង ពិភាក្សា រវាងអ្នកជំនួញរវាង ភាគីឥណ្ឌា និងកម្ពុជា ស្តីពី វិស័យឱសថ ដើម្បីជំរុញកិច្ចសហការនិងដៃគូភាពរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពី សមាជិកសមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមឱសថករ (PAC) និងសមាគមបច្ចេកវិទ្យាវេជ្ជសាស្ត្រ (AMTC) , តំណាងពីក្រុមហ៊ុនឱសថឥណ្ឌាជាង ៥០ ក្រុមហ៊ុន ដែលកំពុងដំណើរការនៅកម្ពុជា រួមជាមួយតំណាងពីមន្ទីរពេទ្យរដ្ឋ និងឯកជនជាច្រើន ព្រមទាំងប្រតិប័ត្តករទាក់ទងផ្នែកឱសថ ប្រមាណជាង ១៨០ នាក់និង មានអ្នកចូលរួមជាង ២០ នាក់ពីសភាពាណិជ្ជកម្មនៅឥណ្ឌា ដឺែលបានចូលរួមតាមប្រពន្ធ័អនឡាញ ( Online )។

លេីកឡេីងនាឱកាសនោះលោក Shravan Rao ក្រុមប្រឹក្សាភិបាលនៃសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌាកំពុងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយនៃផលិតផលឱសថមានគុណភាព និងតម្លៃសមរម្យ ហើយមានឱកាសធំសម្រាប់ការសហការជាមួយកម្ពុជា។

ឯកឧត្តមបណ្ឌិត សុខ ជួរ ទីប្រឹក្សារក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃអគ្គនាដ្ឋានសុខភាពនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងធានាឱ្យមានឱសថគុណភាពល្អសម្រាប់ប្រជាពលរដ្ឋ។ 

ជាមួយគ្នានោះ ឯកឧត្តម សុខ សុវិទ្យា អគ្គនាយកនៃអគ្គនាយកដ្ឋានសារពើពន្ធ និងអាករ បានលើកឡើងអំពីវិធានការសម្រួល និងការសហការផ្នែកច្បាប់ ដើម្បីជំរុញការនាំចេញនាំចូលផលិតផលឱសថ និងសុខាភិបាលឲ្យកាន់តែងាយស្រួល។

លេីកឡេីងនាឱកាសនេះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា មានបំណងបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាមួយកម្ពុជា។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពាពាណិជ្ជករ ទាំងពីរប្រទេស សហការគ្នាឲ្យបានល្អក្នុង វិស័យឱសថ និងសុខាភិបាល។

នាឱកាសនោះដែរក្រុមហ៊ុនឱសថឥណ្ឌាបីក្រុមហ៊ុន បានធ្វើបទបង្ហាញអំពីនិន្នាការ និងឱកាសក្នុងវិស័យឱសថឥណ្ឌា ដូចជា ឱសថស្បែក និងផលិតផលអាហារបំប៉ន។ ពួកគេបានបញ្ជាក់ថា ប្រទេសឥណ្ឌាជានាំមុខគេក្នុងការផលិត និងនាំចេញឱសថ មានក្រុមហ៊ុនជាង ៣,០០០ និងរោងចក្រជាង ១០,០០០ ផលិតម៉ាកឱសថជាង ៦០,០០០ប្រភេទ។

ឧស្សាហកម្មឱសថឥណ្ឌាមានតម្លៃប្រមាណ ៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣–២៤ ហើយការនាំចេញបានកើនដល់ជាង ៣០ ពាន់លានដុល្លារ ក្នុងឆ្នាំបន្ទាប់។ ឥណ្ឌាផ្គត់ផ្គង់ជាង ៦០% នៃតម្រូវការវ៉ាក់សាំងសកល និងបានផ្គត់ផ្គង់វ៉ាក់សាំងទៅជាង ១០០ ប្រទេសក្នុងអំឡុងជំងឺរាតត្បាត COVID-19 តាមគម្រោង Vaccine Maitri ។

ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់ក្រុមហ៊ុនឱសថឥណ្ឌា និងក្រុមហ៊ុននាំចូលឱសថកម្ពុជា ដើម្បីស្វែងរកឱកាសសហការថ្មីៗ ក្នុងការធានាឱ្យមានឱសថគុណភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ៕