អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា៖ ក្នុងជំនួបជាមួយក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិកុមារ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការពង្រឹងការប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយដាក់ឱ្យគោរពនិងអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន, ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក៏ដូចជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គម, ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ មានគុណភាព និងមានប្រយោជន៍សម្រាប់សង្គម សុទ្ធសឹងជាកិច្ចការសំខាន់ៗក្នុងចំណោមអាទិភាពរបស់ក្រសួងព័ត៌មាន ហើយក្នុងនោះ សិទ្ធិបុគ្គល សិទ្ធិរូបភាព និងសិទ្ធិឯកជនភាព គឺមានសារៈសំខាន់ណាស់ ដែលត្រូវយល់ដឹង និងលើកកម្ពស់ទាំងអស់គ្នា។
បើតាមឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ទាំងនេះជាប្រសាសន៍ របស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានថ្លែងកាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមបានអនុញ្ញាតឱ្យតំណាងបណ្តាញផ្នែកទំនាក់ទំនងនៃអង្គការមិនមែនរដ្ឋាភិបាល រួមមានអង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការយូនីសេហ្វកម្ពុជា អង្គការទស្សន:ពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា អង្គការ Save the Children ប្រចាំនៅកម្ពុជា និងអង្គការ Care Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងទៀតថា ជំនួបនេះបានផ្តោតការពិភាក្សាលើការពិនិត្យរៀបចំក្របខណ្ឌកិច្ចសហការ លើកកម្ពស់ និងការពារសិទ្ធិកុមារ មនុស្សពេញវ័យ តាមរយៈការរាយការណ៍ ផ្សព្វផ្សាយព័ត៌មានដោយក្រមសីលធម និងនិយាមវិជ្ជាជីវៈត្រឹមត្រូវ។ ក្របខណ្ឌនៃការសហការអាចរាប់បញ្ចូលការបណ្តុះបណ្តាល និងការពិនិត្យលទ្ធភាពក្នុងការរៀបចំក្របខណ្ឌគោលការណ៍ផ្នែកក្រមសីលធម៌ក្នុងការរាយការណ៍ ផលិត ផ្សាយព័ត៌មាន, និយាមលើកកម្ពស់សុវត្ថិភាពកុមារ~មនុស្សពេញវ័យ ក្នុងវិជ្ជាជីវៈសារព័ត៌មាន, ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានផ្នែក យកព័ត៌មាន សម្ភាសន៍ សរសេរ ~ផ្សាយព័ត៌មាន ផ្តិត/ប្រើរូបភាព ដោយផ្តោតលើការគោរព និងការពារសិទ្ធិ ប្រយោជន៍ សេចក្តីថ្លៃថ្នូររបស់កុមារ/មនុស្សពេញវ័យ និងឯកជនភាពរបស់ពួកគេ។ ក្របខណ្ឌនេះផ្តោតលើការសហការរវាងក្រសួងព័ត៌មាន និងក្រុមអង្គការ ដែលមានវត្តមានក្នុងកិច្ចជំនួប និងក៏អាចរាប់បញ្ចូល ក្រុមការងារនៃក្រសួង ស្ថានប័ន ឬក្រុមផ្សេងទៀតដែលអាចពាក់ព័ន្ធដែរ។
ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍រំលេចផងដែរថា ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌របស់ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ទាំងក្នុងក្របខណ្ឌនៃកម្មវិធី បណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួង ក៏ដូចជាការតម្រង់ទិសតាមរយៈសេចក្តីណែនាំ លិខិតបទដ្ឋាននានា។ ឯកឧត្តមបានបន្តទៀតថា ក្នុងបរិបទនេះដែរ ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្ត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងឆ្នាំ ២០២៤ ក្នុងគោលបំណង លើកកម្ពស់សេរីភាពសារព័ត៌មាន និងការប្រតិបត្តិក្រមសីលធម៌អ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិ ការពារសុវត្ថិភាព ទាំងអ្នកសារព័ត៌មាន និងពលរដ្ឋ ពិសេសដើម្បីលើកតម្កើងគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន ការរាយការណ៍ ផលិត ផ្សាយព័ត៌មានដោយក្រមសីលធម៌ និងការធានាសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន សម្រាប់ពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងទៀតថា ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា កន្លងមកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបជាមួយអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ ព័ត៌មាននៅពេលយប់ ហើយបានពន្យល់ណែនាំឲ្យមានការគោរព ឯកជនភាពរបស់ពលរដ្ឋ គោរពសិទ្ធិឯកជនភាពបុគ្គល ដោយបានសង្កត់ធ្ងន់ថាអ្នកសារព័ត៌មានមិនត្រូវ សម្ភាសន៍អ្នកមានសារធាតុញៀនក្នងខ្លួនកំពុងវង្វេងស្មារតី, អ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន និងអ្នកមានវិបល្លាសសតិស្មារតី, ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ «ខ្ញុំសូមរំលឹកជូនដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានទាំងអស់ថា សារព័ត៌មានប្រកបដោយក្រមសីលធម៌ គឺត្រូវចូលរួមធានាសុខុមាលភាពរបស់កុមារ យុវវ័យ និងចូលរួមការពារពួកគេពីការរងផលប៉ះពាល់នានាជាយថាហេតុ ពិសេសការពារកុំឱ្យពួកគេរងគ្រោះពីការរាយការណ៍ ដែលមិនបានគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ»។
ឯកឧត្តមបានបន្តទៀតថា៖«ដូច្នេះការរាយការណ៍ ផ្សព្វផ្សាយព័ត៌មានស្តីពីប្រធានបទពាក់ព័ន្ធកុមារ យុវវ័យ ត្រូវចាំបាច់ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ និងទំនួលខុសត្រូវជាអ្នកសារព័ត៌មាន ក្នុងអាជីពវិជ្ជាជីវៈ ដើម្បីចូលរួមលើកកម្ពស់ ការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ អនាគតរបស់កុមារ យុវវ័យ»។
សូមបញ្ជាក់ថាទាំងនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ការលើកកម្ពស់ការការពារសុវត្ថិភាពកុមារ យុវវ័យ តាមរយៈការរាយការណ៍ព័ត៌មាន ជាការគិតគូរចំបងមួយ ក្នុងចំណោមការងារអាទិភាពនានា របស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំង បញ្ហាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាព ជំនាញ យន្តការសម្របសម្រួលជាក់លាក់ និងជាប្រព័ន្ធ ក្របខណ្ឌសហការជាមួយតួអង្គពាក់ព័ន្ធ យន្តការហិរញ្ញវត្ថុ ក្នុងចំណោមកត្តាផ្សេងៗទៀត។ ឯកឧត្តម ទេព អស្នារិទ្ធ បានឆ្លៀតឱកាសនេះគូសបញ្ជាក់អំពីភាពចាំបាច់ដែលភាគីពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានប្រសើរ ដោយកំណត់យកគោលដៅរួមជាចំបង ហើយចូលរួមដោយនាំយកមកជាមួយនូវភាពខ្លាំងដែលខ្លួនមាន, ជំនាញ ការគាំទ្របច្ចេកទេស ឬធនធាន ដែលអាចរួមចំណែកដល់ដំណើរការនៃកិច្ចសហប្រតិបត្តិការ និងការអនុវត្តជាក់ស្តែង។



