ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការងារបោសសម្អាតមីនមនុស្សធម៌
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការងារបោសសម្អាតមីនមនុស្សធម៌។ល។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ជាពិសេសការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសកលលោក។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបង្ការ ប្រយុទ្ធប្រឆាំង និងលុបបំបាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្វាគមន៍នូវរាល់កិច្ចសហការជាមួយ បណ្តាភាគីជាដៃគូ ដើម្បីដោះស្រាយបញ្ហានេះ។ ឯកឧត្តមសន្តិបណ្ឌិតបាន សង្កត់ធ្ងន់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាបញ្ហាសកល ដែលមានភាពស្មុគស្មាញ ដូច្នេះតម្រូវឱ្យប្រទេសទាំងអស់សហការគ្នា ក្នុងការសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហានេះ ដើម្បីទប់ស្កាត់ ពង្រឹងសមត្ថភាពប្រតិបត្តិការ ក៏ដូចជាអប់រំដល់ប្រជាជន ឱ្យបានយល់ដឹងពីឧបាយកលរបស់ក្រុមឧក្រិដ្ឋជន និងធ្វើយ៉ាងណា ឈានទៅកំណត់និងដាក់វិធានការដល់ឬសគល់នៃបញ្ហា។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក តាមរយៈការដាក់ចេញវិធានការ និងធ្វើសកម្មភាពជាក់ស្តែង។ ឯកឧត្តមឯកអគ្គរាជទូត បានចាត់ទុកការបង្កើតគ.ប.ឆ.ប. ជាការបង្ហាញអំពីឆន្ទៈរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានអបអរសាទរចំពោះលទ្ធផលជាផ្លែផ្ការបស់គ.ប.ឆ.ប។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលតែងសកម្មក្នុងកិច្ចសហការដោះស្រាយករណីពាក់ព័ន្ធពលរដ្ឋជប៉ុនបានយ៉ាងរហ័ស និងទាន់ពេលវេលា។ ដោយទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាស្មុគស្មាញ និងអន្តរជាតិ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ជប៉ុនរីករាយនឹងផ្តល់កិច្ចសហការ និងការគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងគ.ប.ឆ.ប និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងបានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធផែនការ និងជំហានបន្ទាប់សម្រាប់លើកកម្ពស់កិច្ចខិតខំរួមគ្នា តាមរយៈការកសាងសមត្ថភាព ការចែករំលែកព័ត៌មានសម្រាប់ការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងការផ្សព្វផ្សាយអំពីកិច្ចខិតខំទាំងនេះឱ្យទូលំទូលាយ៕



