រដ្ឋមន្រ្តីសុខាភិបាល «ដើម្បីជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage, UHC) ទាំងសេវាឯកជន និងសាធារណៈ ត្រូវតែបន្តខិតខំបង្ខិតជិតគ្នា ឈរលើស្តង់ដារសេវាថែទាំព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលនេះស្ថិតក្នុងអាទិភាពចម្បងរបស់សុខាភិបាល។»

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ ២០២៥-២០៣០ និងនិយាមបែបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ ពីម្តាយទៅកូនក្នុងសេវាឯកជន»។

យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធនៅកម្ពុជា ២០២៥-២០៣០ គឺជាយុទ្ធសាស្ត្រទី៤ ដែលក្រសួងសុខាភិបាលរៀបចំ ឡើងដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយផ្នែកលើទិន្នន័យច្បាស់លាស់របស់ប្រទេសកម្ពុជា និងស្ថាប័នអន្តរជាតិនានា ដូចជា WHO និងUNFPA។ ដើម្បីជំរុញឱ្យបានវឌ្ឍនភាពកាន់តែប្រសើរឡើង សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធ
សាស្ត្រជាតិ សម្រាប់សុខភាពបន្តពូជ សុខភាពផ្លូវភេទនេះ បានចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងសុខភាពមាតា ទារក និងកុមារជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចចំណុចសំខាន់ ៖ ១) យកផែនការនេះឱ្យទៅជាសកម្មភាព កំណត់ពេលវេលាច្បាស់លាស់ក្នុងការអនុវត្ត ម្តងហើយម្តងទៀត ហើយមានការវាស់វែងឱ្យបាន ២) ធ្វើការការពារមួយ មិនមែនតែសុខាភិបាល ជាការការពារជាសហគមន៍ ៣) សហការណ៍គ្នា ដោយជិតស្និត ដោយការខិតខំមុះមុត ក្នុងភារកិច្ចរៀងៗខ្លួន ៤) ត្រូវស្តាប់ និងគាំទ្រដល់ប្រជាពលរដ្ឋគោលដៅចំពោះ ស្រ្តី ស្វាមី និងយុវវ័យ តើគាត់មានតម្រូវការជាក់ស្តែងអ្វីខ្លះ ៥) ពង្រឹងលើឯកជនភាព ការជឿទុកចិត្ត ភាពសេចក្តីថ្លៃថ្នូរ ជាពិសេសកុំឱ្យមានការរើសអើស។ ស្រ្តីម្នាក់ៗ នឹងទទួលបានសេវាសម្រាលមានសុវត្ថិភាព យុវជននឹងទទួលបានសេវាព័ត៌មានដែលចង់បាន ហើយប្រជាពលរដ្ឋនឹងរស់នៅដោយក្តីរីករាយក្នុងសហគមន៍។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ យុទ្ធសាស្ត្រជាតិនេះ នឹងឆ្ពោះទៅរកការអនុវត្តដោយផ្តោតលើ វិធីសាស្ត្រផ្អែកលើសិទ្ធិ និងយេនឌ័រ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយធានានូវ “សិទ្ធិ និងជម្រើស” តាមរយៈអាទិភាពយុទ្ធសាស្ត្រចំនួន ៩ ដែលយុទ្ធសាស្រ្តនេះបានកំណត់ឡើងរួមមាន ៖
១. កែលម្អភាពភាពប្រសើរឡើង ប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព និងផ្តោតលើការថែទាំអ្នកជំងឺ។
២. ជំរុញធនធានមនុស្សសុខាភិបាល ដែលស័ក្តិសមនឹងតម្រូវការ ត្រូវចូលរួមធ្វើឱ្យមានគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ។
៣. ពង្រឹងប្រព័ន្ធបញ្ជូនដែលត្រឹមត្រូវ រឹងមាំល្អ និងទាន់ពេលវេលា ដើម្បីធានាបាននូវការបម្រើសេវាប្រកបដោយគុណភាព។
៤. ដោះស្រាយបញ្ហាទំនៀមទម្លាប់ យេនឌ័រ គោលនយោបាយ និងការអនុវត្តសង្គម ដែលគ្រោះថ្នាក់ តាមរយៈការពង្រឹងការគ្រប់គ្រង រដ្ឋបាល និង។
៥. ភាពជាម្ចាស់ក្នុងសហគមន៍ ដោយមានការចូលរួមជាមួយប្រព័ន្ធសុខាភិបាល និងការឆ្លើយតបទៅនឹងតម្រូវការ ដើម្បីពង្រឹងការផ្គត់ផ្គង់ និងតម្រូវការសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ។
៦. លុបបំបាត់របាំងហិរញ្ញវត្ថុ ក្នុងការចូលទៅដល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។
៧. កែលម្អភាពអាចរកបាននៃឱសថបរិក្ខារ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។
៨. លើកកម្ពស់ និងពង្រឹងទិន្នន័យសម្រាប់ការស្រាវជ្រាវ នវានុវត្តន៌  ការតាមដានត្រួតពិនិត្យ និងការរៀនសូត្រ។
៩. លើកកម្ពស់អភិបាលកិច្ច ប្រកបដោយបរិយាបន្នការគ្រប់គ្រងដោយរួមបញ្ចូល និងពង្រឹងភាពជាដៃគូ។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីអញ្ជើញមកពីរដ្ឋបាលរាជធានីខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងដៃគូអភិវឌ្ឍ តំណាងអង្គការសុខភាពពិភពលោក សាកលវិទ្យាល័យ, UNFPA និងវិស័យឯកជន សរុប២៤៥នាក់ ព្រមទាំងតាមប្រព័ន្ធ Zoom នូវមន្ទីរពេទ្យបង្អែកស្រុក ខេត្ត , ប្រធានផ្នែកប្រពោធនកម្ម, ផ្នែកថែទាំទារក, ជំងឺកុមារ, ផ្នែកសម្ពព និងមណ្ឌលសុខភាព វិស័យឯកជន សរុបចំនួន ១៧៧០នាក់៕