អ្នកនាំពាក្យក្រសួងការងារ អំពាវនាវបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថ្ងៃទី១២ ខែវិច្ឆិកានេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ។
ឯកឧត្តម ស៊ុន មេសា បានបន្ថែមថា «ខ្ញុំបន្តអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ដោយបងប្អូនអាចទាក់ទងមកលេខ ១២៩៧ ដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយស្វែងរកការងារឱ្យធ្វើ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានឱ្យដឹងដែរថា ក្រសួង នឹងរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” នៅតាមបណ្តាខេត្តចំនួន៣ គឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង, ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ និងថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលផ្ដល់ឱកាសការងារចំនួន៧៥ ៣០២កន្លែង។
គួរឱ្យដឹងថា ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួយស្វែងរកការងារឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃវិញ បានជាង៣៤ម៉ឺននាក់ ដោយក្នុងនោះប្រមាណ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបន្តអំពាវនាវដល់បងប្អូនពលករដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ ឬចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ៕



