ឯកឧត្តម ស៊ូ សុជាតិ ចូលរួមបើកសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ”

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា សហការជាមួយក្រសួងយុត្តិធម៌កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” ដែលបានរៀបចំនៅ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌- កម្ពុជា តំណាងឯកឧតកដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ 

 ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរ ដែលមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យលើរាល់ប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅឱ្យវិស័យនេះចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរ មូលធនពីសាធារណជន ឬអ្នក វិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ ការវិនិយោគនៅកម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ បានបន្តថា ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យមូលបត្រ ក៏មានជនខិលខូច មួយចំនួនបានឆ្លៀត ឱកាសឆបោកប្រជាពលរដ្ឋឱ្យដាក់ប្រាក់ វិនិយោគក្នុងរូបភាព នៃការវិនិយោគលើវិស័យមូលបត្រ ជាដើម។ ជាក់ស្តែង ន.ម.ក. បានពិនិត្យឃើញថា មានសកម្មភាពនៃការ ផ្សព្វផ្សាយតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយ ការដើរកៀរគរ និងការរៀបចំ សិក្ខាសាលានានា ដើម្បីទាក់ទាញឱ្យសាធារណជនធ្វើ ការជួញដូរ លើឧបករណ៍និស្សន្ទ ដូចជា ជួញដូរលើហាងឆេងមាស ហាងឆេង រូបិយបណ្ណ ជាដើម ឬប្រមូលមូលនិធិ វិភាគទានពីសាធារណជន ហើយគ្រប់គ្រងមូលនិធិទាំងនោះ ដើម្បីប្រើប្រាស់ ក្នុងការវិនិយោគ ក្នុងគម្រោងវិនិយោគណាមួយ ហើយសន្យាផ្តល់ដល់អ្នក វិនិយោគ ទាំងនោះវិញ នូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗ ដែល សកម្មភាពទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹង វិស័យមូលបត្រ។

ក្នុងនាមនិយ័តករមូលបត្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ នឹងសហការជាមួយបណ្ឌិត្យ – សភាភូមិន្ទ យុត្តិធម៌កម្ពុជា ដើម្បីចូលរួមជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពី វិស័យមូលបត្រនៅ កម្ពុជា ដែលជាកតាលីករដ៏សំខាន់មួយក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងសហការផ្សព្វផ្សាយ ដល់សិស្ស- និស្សិត និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាជីវកម្ម ក្នុងវិស័យមូលបត្រ ដែលគ្មានការអនុញ្ញាត ឬអាជ្ញាបណ្ណ ក្នុង គោលដៅការពារសាធារណៈ និងសង្គមជាតិទាំងមូល។

 

សូមបញ្ជាក់ថា វិស័យហិរញ្ញវត្ថុ គឺជាសរសៃឈាមរបស់សេដ្ឋកិច្ច ហើយវិស័យ មូលបត្រ គឺដើរតួនាទី យ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ។ ទីផ្សារមូលបត្រ គឺជាច្រក មួយផ្សេងទៀតនៅក្នុងការផ្តល់នូវប្រភពទុនសម្រាប់សហគ្រាស អាជីវកម្មនៅកម្ពុជា ដើម្បី ពង្រីកអាជីវកម្មរបស់ខ្លួន, លើកកម្ពស់ តម្លាភាព និងអភិបាលកិច្ចល្អ, ធ្វើឱ្យមានលំហូរសាច់ប្រាក់ នៅក្នុង សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព, លើកកម្ពស់ការវិនិយោគក្នុង ប្រទេស, អាចទាក់ទាញ វិនិយោគិនបរទេស និងបង្កើននូវ ចំណូលជាតិ៕