យោធាវេណេហ្ស៊ូអេឡារៀបចំសមយុទ្ធការពារដែនអាកាសរបស់ខ្លួន ដើម្បីបង្ការហានិភ័យពីការវាយប្រហាររបស់សហរដ្ឋអាមេរិក
ប្រទេសវេណេស៊ុយអេឡាបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្នុងគោលបំណងការពារដែនអាកាសរបស់ខ្លួនពីការឈ្លានពានពីបរទេសដែលអាចកើតមាន។ សមយុទ្ធទាំងនេះកំពុងធ្វើឡើងនៅក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលលោក Donald Trump បានបញ្ជាឱ្យបញ្ជូននាវាចម្បាំងទៅកាន់ដែនទឹកការ៉ាប៊ីនក្បែរប្រទេសវេណេស៊ុយអេឡា។ នៅដើមសប្តាហ៍នេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយថា៖ ការវាយប្រហារថ្មីមួយលើនាវាដែលគេសង្ស័យថាបានជួញដូរគ្រឿងញៀនបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៦នាក់នៅលើនាវាចំនួន២គ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រតិបត្តិការនេះបានបង្កើនចំនួនវាយប្រហារសរុបឡើងដល់១៩ករណី និងយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ៧៥នាក់ចាប់តាំងពីរដ្ឋបាលលោក Trump បានចាប់ផ្តើមការវាយលុកប្រឆាំងគ្រឿងញៀននៅក្នុងដែនទឹកអាមេរិកខាងត្បូង រួមទាំងមហាសមុទ្រប៉ាស៊ីហ្វិក និងទៅលើវិស័យផ្សេងៗ ដោយពួកគេបានបកស្រាយថាជាយុទ្ធសាស្ត្រដាក់សម្ពាធប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា។ សមាជិកកងកម្លាំងប្រដាប់អាវុធ កងជីវពល ប៉ូលីស និងមេដឹកនាំសហគមន៍ប្រមាណ២សែននាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោក Nicolás Maduro នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលនឹងបន្តរហូតដល់ថ្ងៃពុធនេះដែរនៅក្នុងទីក្រុង Caracas និងទូទាំងប្រទេស។ ឧត្តមសេនីយ៍ Vladimir Padrino López រដ្ឋមន្ត្រីក្រសួងការពារជាតិវេណេស៊ុយអេឡា បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា៖ យើងនឹងបន្តការប្តេជ្ញាចិត្តរបស់យើងកដើម្បីរៀបចំខ្លួនសម្រាប់កិច្ចការពារមាតុភូមិរបស់យើងនៅគ្រប់វិស័យ មិនថាវាជាការគំរាមកំហែង ជារបបអ្វីមួយ ឬជាតុល្យភាពឡើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



