ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញចូលរួមអបអរសារទចំពោះការបើកសម្ភោធភោជនីយដ្ឋាន Yangguofu ជាសាខាទីមួយនៅកម្ពុជា ក្នុងចំណោមសាខាជាង ៧៣០០ ទូទាំងពិភពលោក ស្ថិតក្នុងតំបន់និងប្រទេសជាង ២០។
(ភ្នំពេញ) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចូលរួមអបអរសាទរ ចំពោះការសម្ភោធសាខាភោជនីយដ្ឋាន Yangguofu ជាសាខាទីមួយកម្ពុជា ក្នុងចំណោមសាខាជាង ៧៣០០ ទូទាំងពិភពលោក ស្ថិតក្នុងតំបន់និងប្រទេសជាង ២០ ដែលវិនិយោគដោយ President Club (President Speech Union) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Yangguofu អន្តរជាតិ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណក្រុមប្រឹក្សាភិបាល និងម្ចាស់កម្មសិទ្ធិ Yangguofu Group ព្រមទាំងដៃគូវិនិយោគ ដែលបានជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់បើកដំណើរការជាផ្លូវការ នៃភោជនីយដ្ឋានប្រពៃណីចិន ដែលមានឈ្មោះល្បីល្បាញ Yangguofu។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកការវិនិយោគនេះ បង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ ចំពោះបរិយាកាសសន្ដិសុខ នយោបាយ សេដ្ឋកិច្ច និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននឹងកំពុងអនុវត្តគោលនយោបាយគាំទ្រ និងគាំពារដល់វិស័យឯកជន និងការវិនិយោគនៅកម្ពុជា។ ពិសេស ការបើកសាខា Yangguofu នេះ គឺជាភស្តុតាងបន្ថែមមួយទៀត បង្ហាញថា កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានសក្ដានុពល និងមានភាពទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្ទី លើកទឹកចិត្តដល់ក្រុមហ៊ុន Yangguofu ឲ្យបន្តពង្រីកសាខា និងវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យសេវាកម្ម និងទេសចរណ៍ ដែលអាចជួយបង្កើតការងារ និងបណ្តុះបណ្តាលជំនាញថ្មីៗដល់យុវជនកម្ពុជា។ ឯកឧត្តម ជឿជាក់ថា Yangguofu នឹងក្លាយជាសញ្ញាសម្គាល់ថ្មីនៃអាហារចិនគុណភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរណ៍អន្តរជាតិនៅកម្ពុជា។
លោក Wang Andy ស្ថានិកនិងជាប្រធានប្រតិបត្តិសកលនៃ President Club បានបញ្ជាក់ថា ភោជនីយដ្ឋានប្រពៃណីចិន Yangguofu Malatang មានសាខាជាង ៧៣០០ ទូទាំងពិភពលោក ស្ថិតក្នុងតំបន់និងប្រទេសជាង ២០។ ការបើកសាខាទីមួយនៅកម្ពុជាក្រោមគម្រោង តាមរយៈ “គម្រោងផ្សព្វផ្សាយសកលនៃម្ហូបចិន” របស់ President Club ដោយសារប្រទេសកម្ពុជា ក៏ដូចជាទីផ្សារអាស៊ីអាគ្នេយ៍ នឹងក្លាយជាចំណុចកំណើនថ្មីសម្រាប់អាជីវកម្មសកលរបស់ក្រុមហ៊ុន Yangguofu ។ ម្យ៉ាងវិញទៀត កម្ពុជា មានគុណសម្បត្តិទីតាំងភូមិសាស្ត្រល្អសម្រាប់ការពង្រីក Yangguofu ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Wang Andy គូសបញ្ជាក់ទៀតថា President Club និងសហការជាមួយ Yangguofu គ្រោងនឹងពង្រីកសាខាប្រមាណ ៥០០ បន្ថែមទៀត នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលបីឆ្នាំខាងមុខ។
លោក Wang Andy បន្តទៀតថា ជាមួយនឹងការបើកសាខាដំបូងរបស់ Yangguofu នៅកម្ពុជា President Club នឹងបន្តធ្វើការជាមួយសហគ្រាសចិនកាន់តែច្រើន ដោយប្រើប្រាស់វប្បធម៌នៃ “ភាពសុខដុមរមនា” ជាចំណងមួយដើម្បីផ្សព្វផ្សាយម៉ាកយីហោចិនទៅកាន់ពិភពលោក។



