កិច្ចសន្ទនាប្រជុំកម្រិតខ្ពស់ ស្ដីពីយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប
នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្ដីពីយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប ។ , កិច្ចប្រជុំកម្រិតខ្ពស់នេះ មានការចូលរួមពីតំណាងជាន់ខ្ពស់មកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៥ និងតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជាសមាជិកអឺរ៉ុប រួមមាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្ស៊ិក, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអៀរឡង់, ឯកអគ្គរដ្ឋទូតរងនៃសាធារណរដ្ឋបារាំង, អនុប្រធានបេសកកម្មនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា (SDC), នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD), នាយកប្រចាំនៃប្រទេសទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា(GIZ), និងតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KfW), និងតំណាងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (Eurocham) ។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺ កិច្ចសន្ទនាកម្រិតខ្ពស់នេះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់មកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងកិច្ចសន្ទនា ប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តយុទ្ធសាស្ត្ររួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ (Joint European Strategy for Development Cooperation with Cambodia 2021-2027) ប្រកបដោយប្រសិទ្ធ្ធិភាព និងមានសង្គតិភាពជាមួយនឹងវិស័យអាទិភាពរបស់កម្ពុជា ព្រមទាំងបានកោតសរសើរចំពោះសមិទ្ធផលសមិទ្ធិផលដែលបានសម្រេចបានកន្លងមក ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “យុទ្ធសាស្ត្ររួមអឺរ៉ុប (JES 2021-2027) និងយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway Strategy) បានឆ្លុះបញ្ជាំងភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងសហភាពអឺរ៉ុប ។ ក្របខ័ណ្ឌទាំងពីរនេះ មានសង្គតិភាពជាមួយយុទ្ធសាស្ត្របញ្ចកោណ រួមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការឆ្ពោះទៅការអភិវឌ្ឍប្រកបដោយបរិយាបន្ន, ការអភិវឌ្ឍធនធានមនុស្ស និងចីរភាពបរិស្ថាន ។ រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ (principled cooperation) ដែលបន្តផ្តល់នូវលទ្ធផលជាក់ស្តែងដល់ប្រជាជនកម្ពុជា និងគាំទ្រលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ជាពិសេសស្របពេលដែលកម្ពុជាកំពុងឈានទៅការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច”។
ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា ”យុទ្ធសាស្ត្ររួមអឺរ៉ុប (JES 2021-2027) និង យុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway) បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមអឺរ៉ុប (Team Europe) ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន, ចីរភាព និងអព្យាក្រឹតអាកាសធាតុ ។ សហភាពអឺរ៉ុប មានការប្តេជ្ញាចិត្តខ្ពស់ចំពោះភាពជាដៃគូដែលប្រកាន់ខ្ជាប់នូវអាទិភាពរួម, គណនេយ្យភាពទ្វេទិស, និងការសហការរយៈពេលវែង (long-term engagement) ។ តាមរយៈយុទ្ធសាស្ត្ររួមអឺរ៉ុប (JES 2021-2027) និងយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway) សហភាពអឺរ៉ុបផ្តោតលើការចែករំលែកជំនាញរបស់អឺរ៉ុប (European know-how) និងការតម្រឹមហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាប្រកបដោយចីរភាព, ភាពធន់របស់ស្ថាប័ន និងវិបុលភាពប្រកបដោយបរិយាបន្ន” ។
ការផ្ដល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប តាមរយៈយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway) និងការផ្តួចផ្តើមក្រុមអឺរ៉ុប (Team European Initiatives) បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាក្រោមយុទ្ធសាស្ត្ររួមអឺរ៉ុប (JES 2021-2027)។ ក្នុងអំឡុងឆ្នាំ២០២១-២០២៤ សហភាពអឺរ៉ុបបានបើកផ្តល់ហិរញ្ញប្បទានសរុបចំនួន ៩៩២ លានដុល្លារអាមេរិក ដើម្បីជំរុញកំណើនបៃតង, ឌីជីថលលូបនីយកម្ម និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន, និងសមាហរណកម្មក្នុងតំបន់អាស៊ាន តាមរយៈការវិនិយោគលើថាមពលប្រកបដោយចីរភាព, , ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ, , ការអភិវឌ្ឍជំនាញ, និងអភិបាលកិច្ច ។
សមិទ្ធផលជាក់ស្ដែងរួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលសម្រេចបាននូវការផ្គត់ផ្គង់តម្រូវការទឹកស្អាតបាន ១០០% ក្នុងរាជធានីភ្នំពេញនៅឆ្នាំ ២០២៥, បំពង់បង្ហូរថ្មីប្រវែង ១.៩៥០ គីឡូម៉ែត្រ និងបណ្តាញប្រព័ន្ធទឹកស្អាតតភ្ជាប់ដល់គ្រួសារចំនួន ១១០.០០០, ការផ្ដល់អាហារូបករណ៍ជាង ១១៣,០០០ កន្លែង និងឱកាស អាហារូបករណ៍ក្នុងវិស័យស្ទែម (STEM) ចំនួន ៥០០ កន្លែង សម្រាប់យុវជន, វឌ្ឍនភាពក្នុងការស្តារ និងកែលម្អផ្លូវជនបទប្រវែង ១.១០០ គីឡូម៉ែត្រ, ការពង្រីកបណ្តាញអគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋបាន ៩៥%, ការធ្លាក់ចុះនៃការដាច់ចរន្តអគ្គិសនី ចំនួន ៣០% នៅឆ្នាំ២០២៦, តម្លាភាពក្នុងអភិបាលកិច្ច និងការរីកចម្រើនក្នុងកិច្ចការការពារ បរិស្ថាន និងកសិកម្មបៃតង ។
សហភាពអឺរ៉ុបបានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា, វិស័យឯកជន និងសង្គមស៊ីវិលលើគ្រប់វិស័យ ។



