ប៉ូលីសឥណ្ឌាបង្ហើបថាករណីបំផ្ទុះរថយន្តដ៏សាហាវនៅក្នុងទីក្រុង New Delhi អាចជាអំពើភេរកម្ម! និងកំពុងស៊ើបអង្កេតក្រោមច្បាប់ ប្រឆាំងភេរវកម្មកម្រិតខ្ពស់

មន្ត្រីឥណ្ឌាបាននិយាយថាមកដល់ថ្ងៃនេះ ប៉ូលីសឥណ្ឌាកំពុងស៊ើបអង្កេតករណីបំផ្ទុះរថយន្តដ៏សាហាវនៅក្នុងទីក្រុង New Delhi ក្រោមច្បាប់ប្រឆាំងភេរវកម្ម ខណៈដែលអ្នកជំនាញផ្នែកកោសល្យវិច្ច័យបានធ្វើការដើម្បីកំណត់មូលហេតុនៃករណីបំផ្ទុះនេះយកចិត្តទុកដាក់បំផុត។ ករណីបំផ្ទុះនេះបានកើតឡើងនៅជិតបន្ទាយក្រហមប្រវត្តិសាស្ត្រ ឬ Red Fort កាលពីយប់ថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្ស៨នាក់ភ្លាម និងបង្ករឲ្យមានមនុស្សរបួសជាច្រើននាក់ផ្សេងទៀត។ មន្ត្រីប៉ូលីសជាន់ខ្ពស់បានប្រាប់សារព័ត៌មាន AP ថា៖ ករណីមួយនេះត្រូវបានចុះបញ្ជីក្រោមច្បាប់ធ្វើសកម្មភាពខុសច្បាប់ (បង្ការ) ដែលជាច្បាប់ប្រឆាំងភេរវកម្មសំខាន់របស់ឥណ្ឌា ដែលអនុញ្ញាតឱ្យប្រើអំណាចពិសេសសម្រាប់ទីភ្នាក់ងារស៊ើបអង្កេតដើម្បីចាប់ឃុំខ្លួនជនសង្ស័យ។ មន្ត្រីបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថាករណីបំផ្ទុះនេះ គឺមានភាពរសើបខ្លាំងណាស់ និង សូមរក្សាការសំងាត់សិន ប៉ុន្តែប្រសិនបើរកឃើញថាជាអំពើភេរវកម្មមែន នោះវានឹងមានបញ្ហាកាន់តែធំសម្រាប់ឆ្លើយតប។ ប៉ូលីសឥណ្ឌាបាននិយាយទៀតថា ករណីបំផ្ទុះនេះត្រូវបានគេជឿថាមានប្រភពមកពីរថយន្តប្រភេទ Hyundai i20 ដែលបានឈប់ចតចោលនៅក្បែរស្លាកសញ្ញាចរាចរណ៍។ យានយន្តនៅក្បែរនោះត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានបង្អួចបែកខ្ទេចខ្ទី ដែករថយន្តរមួលចូលគ្នា និងមានអណ្តាតភ្លើងឆាបឆេះបន្តទៅរថយន្តជាច្រើនគ្រឿងទៀត។ ប៉ូលីសកំពុងព្យាយាមតាមដានរកម្ចាស់រថយន្ត ប៉ុន្តែគ្មានព័ត៌មានភ្លាមៗទាក់ទងនឹងអ្នករស់នៅក្នុងរថយន្តនោះទេ ហើយគេជឿថាពួកគេត្រូវស្លាប់អស់ហើយ។ មកដល់ព្រឹកថ្ងៃពុធនេះតំបន់ជុំវិញបន្ទាយក្រហមជាធម្មតាតែងតែមានមនុស្សច្រើនកុះករ អ្នកទេសចរអ៊ូអរតាមដងផ្លូវដើរផ្សារដ៏មមាញឹកនៃទីក្រុងចាស់ ពេលនេះក្លាយជាស្ងាត់ជ្រងំ ស្ថិតក្រោមការយាមកាមយ៉ាងតឹងរឹងពីសំណាក់ប៉ូលីសបង្រ្កាបភេរវកម្ម៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ