លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញសេចក្តីពេញចិត្តចំពោះការរីកចម្រើនជាលំដាប់ នូវទំនាក់ ទំនងរវាងកម្ពុជា និងជប៉ុន ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលាជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្រសួងការបរទេសជប៉ុន។

ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត៖ ១) បានជម្រាបជូននូវការផ្ញើលិខិតអបអរសាទរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោក ជំទាវ TAKAICHI Sanae ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូង, ២) លិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម MOTEGI Toshimitsu ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសជប៉ុនលើកទី២ ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ឯកអគ្គរាជទូត បានរំលឹកឡើងវិញនូវការអញ្ជើញធ្វើទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម MOTEGI នៅប្រទេសកម្ពុជានៅឆ្នាំ២០២០ ដែលជាទស្សកិច្ចដំបូងគេរបស់ឥស្សរជនបរទេសក្នុងអំឡុងពេលជំងឺកូវីដ-១៩, ៣)បានសំដែងនូវអំណរសាទរយ៉ាងក្លៀវក្លាដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជោគជ័យដ៏ធំធេងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក អូសាកា ២០២៥, ៤) បានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជាពិសេស ការអញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសជប៉ុន ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងលទ្ធផលផ្លែផ្កា នៅដំណាច់ខែឧសភា ឆ្នាំនេះ, ៥) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានៅទស្សវត្សរ៍ទី៩០ និងចំពោះការបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រហូតដល់ពេលនេះ ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ឥតសំណងប្រមាណជា ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជា ដោយសារបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ, និង៦) បានកត់សម្គាល់ជាមួយនឹងការស្វាគមន៍នូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន ចុះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលសេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខា ដោយ សម្តេចធិបតី និងឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ក្រោមវត្តមាន ឯកឧត្តមប្រធានាធិបតីអាមេរិក និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនលោកជំទាវ អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ជាពិសេស សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលក្នុងនោះ៖ ១) រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថា ប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលសេចក្តីថ្លែងការណ៍ព័ត៌មានទាំងនេះកីបានឲ្យដឹងដែរថា ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានលើកឡើងថា ជាមូលហេតុនៃការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមខាងលើនេះ រួមទាំងការលប់ចោលគម្រោងការដោះលែងយោធិនខ្មែរ ១៨ រូបពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថា នឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥, ២) រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយថៃ, ៣) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានសាទរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមទាំំងប្រទេសជប៉ុន និង ៤) ការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងនឹងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ហើយក៏មិនប្រើប្រាស់មីនថ្មីឡើយ។

ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ១) បានអបអរសាទរដល់ឯកឧត្តមឯកអគ្គរាជទូតដែលបានបំពេញបេសកម្មការទូតបានយ៉ាងជោគជ័យ និងថ្លែងអំណរគុណឯកឧត្តមដែលបានរួមចំណែកជំរុញទំនាក់ទំនងប្រទេសទាំងពីអោយកកាន់តែរីកចម្រើនជាលំដាប់ ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងអាណត្តិការងារការទូតរបស់ឯកឧត្តម ទុយ រី, និង ២) បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ រួមមាន វិស័យសន្តិសុខ សេដ្ឋកិច្ច ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្រុងព្រះសីហនុ ឧក្រិដ្ឋកម្មឆបោក បញ្ហាព្រំដែនកម្ពុជា-ថៃ ជាដើម។

នៅព្រឹកថ្ងៃដដែលនោះ ក្នុងជំនួបដាច់ដោយឡែកពីគ្នា ឯកឧត្តមឯកអគ្គរាជទូត បានជួបពិភាក្សាការងារ និងជម្រាបលា ជាមួយ ឯកឧត្តម MIYAMOTO Shingo អគ្គនាយកទទួលបន្ទុកកិច្ចការ Southeast and Southwest Asian Affairs និងជាជំនួយការរដ្ឋមន្ត្រីការបរទេសជប៉ុន ផងដែរ។