ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត
កំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយ យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួល បន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញ មកពីខេត្តកែប និងកំពត ។
នៅក្នុងសិក្ខាសិលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពតនេះគឺ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញ
ខេត្តផ្សេងៗផងដែរ។
ក្នុងសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា នឹងធ្វើជាវាគ្មិនរួចមក, ឯកឧត្តម ឃុន ហេង និងឧកញ៉ា ប៉ិច បូឡែន ព្រមទាំងវាគ្មិនផ្សេងទៀត បានចាត់ទុកថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផល
ចំណេញលុយកាក់ទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្ម ជាពិសេសការវិនិយោគទៅអនាគតផ្តល់ជាមរតកដល់កូនចៅយើង ដូចជា ការវិនិយោគលើវិស័យអប់រំ ការវិនិយោគបៃតង ការដាំដុះបន្លែ ការវិនិយោគលើជំនាញវិជ្ជាជីវៈ ការវិនិយោគលើនវានុវត្តន៍កសិកម្ម និងការវិនិយោគលើការកែច្នៃចំណីអាហារជាដើម ព្រោះមិនបង្កផលប៉ះពាល់ដល់សង្គមជាតិ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់ឱកាសអាជីវកម្មថ្មី និងទៅអនាគតដូចជា គឺ ទី១ មូលធនមនុស្ស ទី២ នវានុវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាង សមត្ថភាពស្ថាប័ន ការត្រៀម ខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គមជាតិទាំងមូល៕



