ប្រជាពលរដ្ឋជាជនងាយរងគ្រោះបំផុតចំនួន ៧៤៤គ្រួសារ នៅក្រុង/ស្រុកចំនួន ៤ក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៏ពីកាកបាទក្រហមកម្ពុជា

មណ្ឌលគិរី ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្រប់ស្រទាប់វណ្ណៈដោយគ្មានការរើសអើងណាមួយឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាក់ស្តែងឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋជាជនងាយរងគ្រោះបំផុតចំនួន ៧៤៤គ្រួសារ នៅក្រុងសែនមនោរម្យ ស្រុកកោះញែក ស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ពិធីជួបសំណេះសំណាល និងចែកអំណោយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំនូវសារអំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ ជាពិសេសក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ស្ត្រីដែលមានកូនតូច ត្រូវថែរក្សាអនាម័យឱ្យបានល្អ ហើយទៅពិនិត្យសុខភាពឱ្យបាន៤ដងយ៉ាងតិច។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌នេះ គឺជាការផ្តល់លើកទី២ នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីការរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សកាលពីខែកញ្ញា បង្ករងផលប៉ះពាល់ដល់ផ្ទះសម្បែង សម្ភារៈ ប្រជាពលរដ្ឋចំនួន៩៥០គ្រួសារ នៅក្នុងស្រុកកែវសីមា និងស្រុកកោះញែក ។ ដោយទទួលបានការ យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ជូនដល់ប្រជាពលរដ្ឋចំនួន ៧៤៤គ្រួសារ កំពុងជួបការលំបាកជីវភាពប្រចាំថ្ងៃ ក្នុងក្រុងសែនមនោរម្យ ស្រុកកោះញែក ស្រុកអូររាំង និងស្រុកពេជ្រាដា រួមមាន ជនចាស់ជរាគ្មានទីពឹង,ជនពិការ,កុមារកំព្រា,ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក និងជនទីទ័លក្រ ៕