បណ្តាញផ្នែកទំនាក់ទំនងនៃអង្គការមិនមែនរដ្ឋាភិបាល ស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំគោលការណ៍រក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យក្នុងអត្ថបទ និងសេចក្តីរាយការណ៍របស់អង្គភាពសារព័ត៌មាន,

( ភ្នំេពេញ )៖ ក្នុងឱកាសអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួង បណ្តាញផ្នែកទំនាក់ទំនងនៃអង្គការមិនមែនរដ្ឋាភិបាល ដឹកនាំដោយ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជា បានគោរពស្នើសុំមតិយោបល់ កិច្ចសហការ ជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើការរៀបចំគោលការណ៍រក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យក្នុងអត្ថបទ និងសេចក្តីរាយការណ៍របស់ អង្គភាពសារព័ត៌មាន។
ក្នុងឱកាសនោះ តំណាងបណ្តាញផ្នែកទំនាក់ទំនងនៃអង្គការមិនមែនរដ្ឋាភិបាល បានជម្រាបជូនថា ក្នុងរយៈពេលកន្លងមកនេះ គឺបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យក្នុងវិស័យសារព័ត៌មាន បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់។ ដូច្នេះការគម្រោងរៀបចំគោលការណ៍រក្សាសុវត្ថិភាពកុមារ និង មនុស្សពេញវ័យ ក្នុងទិសដៅធ្វើឲ្យអ្នកសារ ព័ត៌មានទាំងអស់ ជាពិសេសសារព័ត៌មានអនឡាញ បានយល់ច្បាស់ ព្រោះកន្លងមកបានពិនិត្យឃើញមានការកើតឡើងច្រើននៅពេលកុមារ មានបញ្ហា ពិសេសក្មេងស្រីដែលមិនទាន់គ្រប់អាយុ ១៨ឆ្នាំផង គឺមានការថតផ្សាយតាមប្រព័ន្ធ អនឡាញ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូរទាំងអស់ ដែលបានធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន នាពេលកន្លងមកក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យក្នុងវិស័យសារព័ត៌មាន ដើម្បីធ្វើឲ្យអ្នកសារព័ត៌មានបានយល់ច្បាស់ពីសិទ្ធិកុមារ ពិសេស អនិតិជន ស្របពេលដែល ក្រសួងព័ត៌មាន បាននឹងកំពុងពង្រឹងសមត្ថភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មានផងដែរ ។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងពេលកន្លងមក ក្រសួងព័ត៌មាន តែងតែណែនាំដល់អង្គភាពសារព័ត៌មាន ទាក់ទងរូបភាពរបស់ អនិតិជន ជនសង្ស័យ និងជនរងគ្រោះ មុនធ្វើការផ្សព្វផ្សាយត្រូវបិទមុខកុំឲ្យឃើញមុខ ព្រោះពួកគេមិនទាន់មានសាលក្រមសម្រេចពីតុលាការ ថាមានទោសនៅឡើយនោះទេ។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនថា កន្លងមកនេះ ឯកឧត្តម បានជួបជាមួយអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ ហើយបានពន្យល់ណែនាំឲ្យមានការគោរព ឯកជនភាពរបស់ប្រជាជន ដោយមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន សម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី,អ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន និងអ្នកមានវិបល្លាសសតិស្មារតី, ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗផងដែរ។ ឯកឧត្តម បានបញ្ជាក់ជូនផងដែរពីការរៀបចំដាក់អោយប្រើប្រាដ់នូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ទាំងអស់គ្នា ដើម្បីគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន ។ ជាមួយនេះក៏មានផ្តោលើសិទ្ធិបុគ្គល សិទ្ធិរូបភាព និងសិទ្ធិឯកជនភាព គឺមានសារៈសំខាន់ណាស់ ដែលត្រូវយល់ដឹងទាំងអស់គ្នា ៕