ហេតុការណ៍រអិលបាក់ដីដ៏សាហាវដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រទេសអ៊ូហ្កង់ដា! សម្លាប់មនុស្សជិត២០នាក់ និង អូសបន្លាយរហូតដល់ចុងខែវិច្ឆិកានេះ
ក្រុមជួយសង្គ្រោះនៅតែបន្តទាញយកសពមនុស្សចេញពីល្បាប់ភក់ និងកម្ទេចកម្ទីនៅក្នុងតំបន់ Sebei របស់ប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាប៉ុន្មានថ្ងៃរហូត ជាពិសេសនៅតំបន់ខ្ពង់រាប Elgon ដែលបង្កឱ្យបាក់ដីយ៉ាងគំហុកឆ្លងកាត់ជម្រាលភ្នំដ៏ចោតរាប់ពីរវាងថ្ងៃទី៣០ខែតុលា ដល់ថ្ងៃទី៣១ខែវិច្ឆិកាឆ្នាំនេះ ។ សមាគមកាកបាទក្រហមអ៊ូហ្គង់ដា ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ បាននិយាយថា៖ ក្តីសង្ឃឹមក្នុងការស្វែងរកមនុស្សរស់រានមានជីវិតហាក់កំពុងរសាត់បាត់ទៅហើយ ទោះបីជាក្រុមគ្រួសារនៅក្នុងតំបន់នោះបន្តរាយការណ៍ពីសាច់ញាតិដែលបាត់ខ្លួនរបស់ពួកគេក៏ដោយ។ ក្រុមសង្រ្គោះបន្ថែមមកពីខាងកងទ័ព និងប៉ូលីសបានចូលរួមប្រតិបត្តិការជាមួយគ្នា ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវថយចុះ។ លោក John Cliff Wamala ជាមន្ត្រីនៅសមាគមកាកបាទក្រហមអ៊ូហ្គង់ដាបាននិយាយថា “ឥឡូវនេះយើងអាចនិយាយបានថាពួកគេកំពុងប្រើឧបករណ៍ជំនួយជាមូលដ្ឋាន ប៉ុន្តែពួកយើងនៅត្រូវការ កម្លាំងមនុស្សបន្ថែមទៀត ពីព្រោះតាមសេចក្តីរាយការណ៍ពីក្រុមគ្រួសារថានៅមានសពមនុស្សចំនួន១៩នាក់ទៀត ត្រូវកប់ក្រោមល្បាប់ភក់នេះ ដោយមកដល់ពេលនេះពួកយើងបានរកឃើញតែ២នាក់ប៉ុណ្ណោះដូច្នេះនៅចំនួន១៧នាក់ទៀត។ ប៉ុន្តែអ្វីដែលយើងអាចប្តេជ្ញាចិត្តបាន គឺក្រោមការសម្របសម្រួលរបស់ការិយាល័យនាយករដ្ឋមន្ត្រី យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាថាពួកយើងត្រូវស្វែងរកសពជនរងគ្រោះនៃក្រុមគ្រួសារនីមួយឲ្យបានឃើញ។ រដ្ឋាភិបាលបានផ្តល់ប្រាក់ប្រហែល ១៥០០ ដុល្លារអាមេរិកដល់គ្រួសារដែលបាត់បង់សមាជិក ដើម្បីធ្វើបុណ្យ និងចូលរួមកាន់មរណទុក្ខជាមួយពួកគេដែរ។ មកដល់ពេលនេះអ្នកនៅរស់រានមានជីវិតរាប់រយនាក់ត្រូវបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនិងកំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលបណ្ដោះអាសន្នមួយ ដោយពួកគេកំពុងរង់ចាំការផ្លាស់ប្តូរទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងនេះទៀត។ ប៉ុន្តែគ្រោះធម្មជាតិនេះគឺមិនទាន់ចប់នៅឡើយទេ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅតែបន្តនៅក្នុងសប្តាហ៍ខាងមុខនេះ និងព្រមានពីការរអិលបាក់ដីថ្មីៗដែរ ជាហេតុធ្វើឲ្យពិបាកជួយសង្រ្គោះផង និង ជម្លៀសប្រជាជនផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



