ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់សារជាថ្មីថា ជំរឿនមន្ត្រីឆ្នាំ២០២៥ មិនមែនជាការ “វះកាត់” រកកំហុសឡើយ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់សារជាថ្មីនូវគោលដៅនៃយុទ្ធនាការជំរឿនមន្ត្រីសាធារណៈ ដោយសង្កត់ធ្ងន់ថា “ដំណើរការនៃការធ្វើជំរឿននេះ មិនមែនជាដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យ ឬវះកាត់នោះទេ”។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មុននឹងចាប់ផ្តើមយុទ្ធនាការជំរឿនមន្ត្រីនៅក្រសួងមុខងារសាធារណៈ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការរៀបចំធ្វើជំរឿននេះ មិនមែនជាលើកទី១ ទេនៅក្នុងប្រវត្តិរបស់ព្រះរាជាណាចក្រកម្ពុជា៖
លើកទី១: ឆ្នាំ១៩៩៥
លើកទី២: ចន្លោះឆ្នាំ១៩៩៩-២០០១
លើកទី៣: ឆ្នាំ២០១០
ឯកឧត្តមបានបន្តថា ជំរឿនមន្ត្រីនៅឆ្នាំ២០២៥ នេះ គឺជាដំណើរការថ្មីមួយដែលធ្វើឡើងក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ដោយផ្អែកទៅលើអភិក្រមស្នូលគឺ «រៀបចំផ្ទះឱ្យបានរៀបរយ» ដើម្បីពង្រឹងកម្លាំងរដ្ឋបាលសាធារណៈ។



