រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធខួប អនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរៈភូមិន្ទ២០២៥

នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធាពលខេមរៈភូមិន្ទ (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៥) ដែលបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង ខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧២ គឺជាការរំឭកគុណូបការដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងវីរជនស្នេហាជាតិ ដែលបានរួមគ្នាជាមហាកម្លាំងសាមគ្គីជាតិដ៏ធំធេងនៅក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយដោយមិនខ្លាចនឿយ ហត់ ដើម្បីទាមទារនូវឯករាជភាពពីអាណានិគមនិយមបារាំងបានពេញបរិបូរជូនជាតិ មាតុភូមិជាទីស្នេហានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយថ្ងៃនេះក៏ជាថ្ងៃកំណើតនៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលគិតមកដល់ពេលនេះគម្រប់ខួប ៧២ ឆ្នាំ ដូចនេះយើងខ្ញុំទាំងអស់គ្នាជាកូន ចៅ ចៅទួតនៅចងចាំមិនអាចបំភ្លេចបាននូវមហាព្រះគុណដ៏ធំធេង នៃព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិជាទីស្នេហា។ ឯកឧត្តម ក៏បានបញ្ចាក់ថា ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រដ៏ប្រពៃថ្លៃថ្លាឧត្តុង្គឧត្តមដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមនរកោដ្ឋ ដ៏អង់អាចក្លាហាន និងមហាបុរសរ័ត្នដ៏ឆ្នើមដែលបានបូជាព្រះកាយ រួមទាំងព្រះបញ្ញាញ្ញាណ ឯកឧត្តម អភិបាលខេត្តបន្តថា ស្នាព្រះហស្ត និងគំរូវីរភាពដ៏ឧត្តុង្គឧត្តម ព្រះបញ្ញាញ្ញាណរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពិសេសព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ធ្វើឱ្យមាតិភូមិកម្ពុជា រួចផុតពីអាណានិគមនិយមបារាំងប្រគល់ឯករាជ្យមកឱ្យកម្ពុជា ដើម្បីភាពសុខសាន្ត ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្មក្នុងប្រតិបត្តិការសាមគ្គីកម្ចាត់ពួកខ្នាំងសត្រូវជា បន្តបន្ទាប់ប្រកប ដោយជោគជ័យ ក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់អតីតសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ លើកកម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនាក្រោមដំបូលរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ។