រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥
មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២៥) ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោក អភិបាលរងខេត្ត លោក មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលក្រុង/ស្រុកទាំង ៥ក្នុងខេត្ត ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអានសារព្រះរាជបូជនីយកិច្ចសង្ខេប ស្ដីពីការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា (០៩/វិច្ឆិកា/១៩៥៣-០៩/វិច្ឆិកា/២០២៥) និងទិវាថ្ងៃកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលប្រជាជាតិកម្ពុជាទាំងមូលរំដោះខ្លួនបានទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដល់ក្រៀវខ្លារបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្ដេចនរោត្តម សីហនុ ដែលប្រទេសបារាំង បានដាក់អាណានិគមមកលើដែនដីសុវណ្ណភូមិកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍(១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។ ឯកឧត្តម បញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវិរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ នាំឱ្យប្រទេសកម្ពុជា ទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ។
ឯកឧត្ដម បញ្ជាក់បន្ថែមថា៖ ការទទួលបាននូវឯករាជ្យ និងសន្តិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងការផ្តួចផ្តើមដោយខ្មែរខ្លួនឯង និងបានស្វែងរកមកយ៉ាងលំបាកជាទីបំផុតរហូតដល់សព្វថ្ងៃ។ ក្នុងន័យនេះ ក្នុងនាមជាកុលបុត្រខ្មែរ យើងទាំងអស់គ្នា ត្រូវប្តេជ្ញាខិតខំយក អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដង្ហែតាមស្នាព្រះហត្ថប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ ព្រះករុណាព្រះមហាវីរក្សត្រ និងរួមគ្នាជាធ្លុងមួយក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាសន្តិភាព ដែលនាំមកនូវសុខ សន្តិភាពឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមរតកដ៏ថ្លៃថ្លា និងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើដំណើរយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ បុរេសកម្ម និងឆន្ទៈមុតស្រួច បន្តពូនជ្រុំថែរក្សា និងការពារ ឱ្យបានស្ថិតស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា ឱ្យនៅរឹងមាំ ឋិតឋេរជានិច្ចនិរន្តរ៍តរៀងទៅ៕ ស៊ីផុន ហ៊ុងគ្រី



